កាលពីដើមសប្ដាហ៍កន្លងទៅរថយន្ត Bugatti Chiron ដែលមានកន្ទុយវែងជាងធម្មតា បានធ្វើឲ្យកក្រើកពិភពរថយន្ត ក្រោយពីគេដឹងថាវាអាចរត់បានដល់ល្បឿន ៤៩០ គ.ម/ម៉ ជាល្បឿនលឿនដាច់គេមួយសម្រាប់រថយន្ត។
ពេលនេះ Bugatti បានចេញមុខបកស្រាយថារថយន្ត Chiron កន្ទុយវែងនេះ អាចរត់ដល់ល្បឿនលឿនជាងនេះ ប៉ុន្តែវាអាស្រ័យលើទីតាំងផងដែរ។ Bugatti សម្រេចរើសយកទីលាន Ehra-Lessien សម្រាប់រត់រថយន្តរបស់ខ្លួន ដោយពួកគេជឿជាក់ថាវាជាកន្លែងសុវត្ថិភាពមួយក្នុងលោក។
យ៉ាងណាក្ដីទីលានខាងលើមានកម្ពស់ ៥០ ម៉ែត្រប៉ុណ្ណោះពីនីវ៉ូទឹកសមុទ្រ។ ចំណែកឯដងផ្លូវនៅរដ្ឋ Nevada សហរដ្ឋអាមេរិក ដែលរថយន្ត Koenigsegg Agera RS បង្កើតកំណត់ត្រាជាច្រើនសានោះ មានកម្ពស់ ១ ០៣៦ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ Bugatti បានបង្ហាញថា ផ្លូវមានកម្ពស់រឹតតែខ្ពស់ កម្រិតអូសទាញនៃខ្យល់មានកាន់តែទាប ដោយសារឡើងកាន់តែខ្ពស់សម្ពាធខ្យល់ និងដង់ស៊ីតេខ្យល់មានកាន់តែទាប។
ក្រោយការគិតគូរមើល Bugatti ជឿជាក់ថារថយន្ត Chiron កន្ទុយវែងរបស់ខ្លួន អាចបើកបរបានល្បឿនលឿនជាងមុន ២៥ គ.ម/ម៉ ទៀត ដែលមានន័យថា Chiron ដែលកែប្រែជាពិសេសរបស់ Bugatti អាចរត់ដល់ល្បឿន ៥១៥ គ.ម/ម៉។ យ៉ាងណាក្ដីផ្លូវនៅ Nevada មានចម្ងាយឆ្ងាយ និងបើកបរបានតែមួយទិស ដូចនេះក្រុមសង្គ្រោះបន្ទាន់អាចប្រើពេលយូរដើម្បីទៅដល់កន្លែងមានគ្រោះថ្នាក់។ ដោយគិតគូរករណីនេះទើប Bugatti មិនរត់នៅ Nevada ហើយមករត់នៅទីលាន Ehra-Lessien វិញ៕