[ទីផ្សារបរទេស] ក្រុមហ៊ុន Bugatti បានបង្ហាញចេញជាលើកដំបូងនូវរូបរាងរបស់រថយន្ត Centodieci មួយគ្រឿងដំបូងគេដែលបានផលិតរួចរាល់ ហើយជារថយន្តមួយគ្រឿងក្នុងចំណោមរថយន្ត១០គ្រឿងដែលគ្រោងផលិតជូនអតិថិជន។
រថយន្តដែលបង្កើតឡើងដើម្បីឧទ្ទិសដល់រថយន្ត EB110 កាលពីទសវត្សឆ្នាំ៩០នេះ បានលាបពណ៌ EB110 Blue ជាពណ៌ដ៏សំខាន់មួយសម្រាប់ Bugatti ចំណែកឯកង់រថយន្តបានប្រើប្រាស់ពណ៌ EB110 Sport Silver ដើម្បីស៊ីគ្នាទៅនឹងរថយន្ត EB110 GT របស់អតិថិជនដែលជាម្ចាស់រថយន្តមួយគ្រឿងដំបូងគេនេះ។
ដំណើរការដោយម៉ាស៊ីន ៨,០លីត្រ ១៦ស៊ីឡាំង រថយន្ត Centodieci អាចផលិតកម្លាំងបាន ១៥៧៨សេះ និងអាចស្ទុះដល់ ១០០គ.ម/ម៉ ក្នុងពេលត្រឹម ២,៤វិនាទី ហើយវាមានល្បឿនអតិបរមាដែលបានកំណត់នៅត្រឹម ៣៨០គ.ម/ម៉។
រថយន្តដែលមានផលិតត្រឹម១០គ្រឿងនេះ បានលក់ដាច់អស់គ្មានសល់ក្រោយពីវាបានបង្ហាញវត្តមានក្នុងកម្មវិធី Monterey Car Week កាលពីឆ្នាំ២០១៩ ជាឆ្នាំគម្រប់ខួបទី ១១០ឆ្នាំនៃការបង្កើតក្រុមហ៊ុន Bugatti៕