[ទីផ្សារបរទេស] លោក Mate Rimac ដែលជាប្រធានក្រុមហ៊ុន Bugatti Rimac បាននិយាយថាតម្រូវការរថយន្តតម្លៃថ្លៃរបស់ក្រុមហ៊ុនខ្លួន ហាក់មិនមានសញ្ញាថមថយឡើយ គឺនៅតែទទួលបានការគាំទ្រខ្លាំងជាលំដាប់។
លោក Mate Rimac បានលើកឡើងដូចនេះ ក្រោយការប្រកាសចេញរថយន្ត Bugatti W16 Mistral តម្លៃ៥លានដុល្លារ ហើយលោកបានបញ្ជាក់ថាជាមួយម៉ាករថយន្ត Bugatti គឺបានលក់ដាច់រហូតដល់ឆ្នាំ២០២៥ឯណោះ ដូចនេះទោះជាមានវិបត្តិសេដ្ឋកិច្ចច្រើនឆ្នាំក៏មិនជាបញ្ហាដែរ។
ភ័ស្តុតាងនៃតម្រូវការលើរថយន្ត Bugatti ម៉ូដែលថ្មីបានបង្ហាញឲ្យឃើញច្បាស់ៗនៅពេលដែលរថយន្ត W16 Mistral ដែលផលិតមានកំណត់ចំនួន៩៩គ្រឿង សុទ្ធតែមានអ្នកកុម្ម៉ង់ទិញគ្រប់គ្រឿងទាំងអស់។ ត្រង់ចំណុចនេះលោក Rimac បាននិយាយថាលោកភ្ញាក់ផ្អើលបន្តិចដែរ ពេលឃើញថារថយន្តលក់អស់លឿនបែបនេះ និងបានបញ្ជាក់ថាអតិថិជនភាគច្រើនគឺមកសហរដ្ឋអាមេរិក។
មិនមែនតែម៉ាករថយន្ត Bugatti និង Rimac នោះទេ ដែលជួយជ្រោមជ្រែងដល់ក្រុមហ៊ុន Bugatti Rimac ប៉ុន្តែតាមពិតទៅអ្នកដែលជួយខ្លាំងជាងគេគឺក្រុមហ៊ុនបុត្រសម្ព័ន្ធ Rimac Technology ដែលលក់អាគុយ និងបច្ចេកវិទ្យារថយន្តអគ្គិសនីទៅឲ្យក្រុមហ៊ុន Porsche, Aston Martin, Hyundai និងក្រុមហ៊ុនរថយន្តធំដទៃទៀត៕