
បន្ទាប់ពីរង់ចាំអស់ជាយូរ ពេលនេះ Buick បានធ្វើការប្រកាសបង្ហាញចេញនូវរូបរាងរបស់រថយន្ត Electra L7 ស៊េរីថ្មីរបស់ខ្លួនហើយ ហើយគ្រោងនឹងប្រកាសចេញលក់ជាផ្លូវការនៅចុងឆ្នាំនេះសម្រាប់ទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ប្រហែលតែ ៣៤ ៨០០ដុល្លារ ប៉ុណ្ណោះ។
ក្នុងនោះ រថយន្តនេះ គឺត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Xiao Yao EV ហើយមានប្រវែង ៥ ០៣២ ម.ម ទទឹង ១ ៩៥២ ម.ម កម្ពស់ ១ ៥០០ ម.ម និងប្រវែងគម្លាតកង់ ៣ ០០០ ម.ម ។ ទាក់ទងនឹងផ្នែកថាមពល វាគឺដំណើរការដោយម៉ាសុីនសាំងចំណុះ ១,៥លីត្រ អាចផលិតកម្លាំងបាន ១៥៤សេះ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ១៦៣ និង ៣៣៧ សេះ ខណៈទំហំអាគុយ និងចម្ងាយបើកបរគឺមិនទាន់បង្ហាញចេញនៅឡើយទេ។
លើសពីនេះ សម្រាប់ផ្នែកប្រព័ន្ធប្រតិបត្តិការនៅក្នុងកាប៊ីន និងប្រព័ន្ធសុវត្ថិភាពវិញ នឹងដំណើរដោយបន្ទះឈីប Qualcomm Snapdragon 8775 ហើយក៏នឹងទទួលបាននូវប្រព័ន្ធរ៉ាដាផងដែរ ខណៈព័ត៌មានលម្អិតផ្សេងៗទៀតគឺមិនទាន់ប្រកាសចេញនៅឡើយទេ៕