
បន្ទាប់ពីបានបង្ហាញចេញនូវផែនការថ្មីដើម្បីបង្កើននូវចំនួនលក់រថយន្តរបស់ខ្លួននៅក្នុងទីផ្សារប្រទេសជប៉ុន ពេលនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD បានប្រកាសបង្ហាញចេញនូវរថយន្ត K-Car របស់ខ្លួនហើយ ដោយក្នុងនោះ នឹងប្រកាសបង្ហាញចេញជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ Tokyo Motor Show នៅចុងខែនេះ។
ក្នុងនោះ រថយន្តនេះ គឺជារថយន្តប្រភេទ K ដំបូងបង្អស់របស់ BYD ដែលផលិតឡើងជាពិសេសសម្រាប់ទីផ្សារជប៉ុន។
បើនិយាយពីការរចនាផ្នែកខាងក្រៅរបស់រថយន្តថ្មីនេះ គឺមានការរចនាបែបជ្រុងៗតាមស្ទាយរបស់រថយន្ត “Kei Car” ដែលពេញនិយមនៅជប៉ុន ចំណែកផ្នែកខាងក្នុងវិញ ក៏ទទួលបាននូវអេក្រង់ឌីជីថល ព្រមទាំងអេក្រង់កម្សាន្ត និងប្រព័ន្ធសុវត្ថិភាពមួយចំនួនផងដែរ។
ជាមួយគ្នានេះ សម្រាប់ផ្នែកថាមពលទៀតសោត ក៏ទទួលបាននូវកញ្ចប់ថ្មប្រភេទ Blade Battery ទំហំ ២០គីឡូវ៉ាត់ម៉ោង ដែលអាចបើកបានចម្ងាយប្រហែល ១៨០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តងផងដែរ ខណៈព័ត៌មានលម្អិតផ្សេងៗទៀត ក៏ដូចជាតម្លៃមិនទាន់បានបង្ហាញចេញនៅឡើយទេ៕