BYD ប្រកាសចេញ Atto 3 ថ្មី មានមុខងារ BYD God Eye តម្លៃជាង ១មុឺនដុល្លារ

ក្រុមហ៊ុន BYD បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវកំណែអាប់ដេតថ្មីរបស់រថយន្ត BYD Atto 3 ជាមួយនឹងការរចនាថ្មី និងបច្ចេកវិទ្យាជំនួយការបើកបរដែលកាន់តែប្រសើរជាងជំនាន់មុន។ ក្នុងនោះ រថយន្ត SUV អគ្គិសនីនេះមានតម្លៃលក់ចាប់ពី ១៥ ៩៤០ ដុល្លារ ដល់ ២០ ០៧០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

ចំពោះកំណែអាប់ដេតថ្មីនេះ BYD Atto 3 ទទួលបានការកែប្រែរូបរាងខាងក្រៅមួយចំនួនមានដូចជាផ្នែកខាងមុខ ដែលបានបំពាក់កាងស្ព័ររចនាថ្មី ជាមួយនឹងកាមេរ៉ា និងកាងរន្ធខ្យល់ធំជាងមុន ខណៈផ្នែកចង្កៀងនៅរក្សារការរចនា “Dragon’s Whiskers” ដដែល ចំណែកផ្នែកខាងក្រោយវិញបានអាប់ឌែតទៅលើដំបូល និងភ្លើង។ លើសពីនេះ នៅផ្នែកបច្ចេកវិទ្យា Atto 3 ក៏ទទួលបាននូវបាននូវប្រព័ន្ធជំនួយអ្នកបើកបរថ្មី ” BYD God Eye C” ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ BYD Atto 3 ថ្មីនេះ មានប្រវែង ៤ ៤៥៥ ម.ម ទទឹង ១ ៨៧៥ ម.ម កម្ពស់ ១ ៦១៥ ម.ម និងប្រវែងគម្លាតកង់ ២ ៧២០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនី ១ ផលិតកម្លាំងបាន ២០១ សេះ​ ផ្គួបជាមួយអាគុយទំហំ ៤៩,៩ និង ៦០,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៣០ និង ៥១០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ខណៈនៅផ្នែកខាងក្នុងវិញ ប្រើប្រាស់ពណ៌ថ្មី ២ គឺ ពណ៌ត្នោតខ្ចី និងពណ៌ប្រផេះ ក៏ដូចជាការផ្លាស់ប្តូរទៅលើចង្កឹះលេខ កន្លែងសាកឥតខ្សែកម្លាំង 50 W អេក្រង់ទំហំ ៨,៨ អ៊ីញ និង ១២ អ៊ីញ និងកាមេរ៉ា A-pillar-mounted ជាដើម។ លើសពីនេះ Atto 3 ក៏ទទួលបានការអាប់ដេតដាក់បញ្ជូលនូវទូទឹកកកផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម