
ក្រុមហ៊ុន BYD បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវកំណែអាប់ដេតថ្មីរបស់រថយន្ត BYD Dolphin ជាមួយនឹងការរចនាថ្មី និងបច្ចេកវិទ្យាជំនួយការបើកបរដែលកាន់តែប្រសើរជាងមុន។ ក្នុងនោះ រថយន្ត SUV អគ្គិសនីនេះ មានតម្លៃលក់ចាប់ពី ១៣ ៧៣៥ ដុល្លារ ដល់ ១៧ ៣១៥ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
ចំពោះកំណែអាប់ដេតថ្មីនេះ BYD Dolphin ទទួលបានការរចនាផ្នែកខាងមុខឡើងវិញជាមួយនឹងចង្កៀងមុខធំជាងមុន កាងរន្ធខ្យល់ធំជាងមុនមានលក្ខណៈបែបស្ព័រ រួមជាមួយនឹងទ្វារដៃថ្មីប្រភេទ flush door handles និងការអាប់ឌែតថ្មីបន្តិចបន្តួចនៅផ្នែកខាងក្រោយជាមួយឡូហ្គូលអក្សរ BYD ។ លើសពីនេះ នៅផ្នែកបច្ចេកវិទ្យា វាក៏ទទួលបាននូវបាននូវប្រព័ន្ធជំនួយអ្នកបើកបរថ្មី ” BYD God Eye C” ផងដែរ។
សម្រាប់ BYD Dolphin ថ្មីនេះ មានប្រវែង ៤ ២៨០ ម.ម ទទឹង ១ ៧៧០ ម.ម កម្ពស់ ១ ៥៧០ ម.ម និងប្រវែងគម្លាតកង់ ២ ៧០០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនី ១ ប៉ុង ១ FWD ផលិតកម្លាំងបាន ៩៤, ១៧៤ និង ២០១ សេះ ផ្គួបជាមួយអាគុយទំហំ ៤៥,១ និង ៦០,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤២០, ៤១០ និង ៥២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
ខណៈនៅផ្នែកខាងក្នុងវិញ ទទួលបានការផ្លាស់ប្តូរថ្មីច្រើនមានដូចជា ការផ្លាស់ប្តូរទៅលើចង្កូត និងកុងសូល ក៏ដូចជា អេក្រង់ឌីជីថលថ្មីទំហំ ៨,៨ អ៊ីញ និងអេក្រង់កម្សាន្ត Touchscreen ទំហំ ១២,៨ អ៊ីញ កន្លែងសាកឥតខ្សែកម្លាំង 50 W និងឧបករណ៍បំពងសម្លេងចំនួន ៦ចំនុច៕