[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ ២០២២ របស់ខ្លួន ដ៏គួរឲ្យចាប់អារម្មណ៍របស់ខ្លួននៅក្នុងប្រាក់ចំណូល និងប្រាក់ចំណេញ ដោយប្រាក់ចំណូលប្រតិបត្តិការរបស់ក្រុមហ៊ុនឈានដល់ ៦១,៤ ពាន់លានដុល្លារ កើនឡើង ៨៤% ហើយប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន BYD គឺ ២,៤ ពាន់លានដុល្លារអាមេរិក កើនឡើង ៤០៣% ក្នុងមួយឆ្នាំ ។
BYD លក់រថយន្តបាន ១,៨៥ លានគ្រឿងក្នុងមួយឆ្នាំ ដោយមាន ៤៩% ជារថយន្តអគ្គិសនី (EVs) និង ៥០,៥% ជារថយន្តប្រភេទ Plug-in hybrid ។ ក្នុងនោះ ៩៧% នៃរថយន្តត្រូវបានលក់នៅក្នុងប្រទេសចិន។ ក្នុងនោះ រថយន្តមានតម្លៃជាមធ្យមគឺប្រហែល ២៤ ០០០ ដុល្លារ ហើយប្រាក់ចំណេញជាមធ្យមក្នុង ១ គ្រឿងគឺប្រហែល ១ ២០០ ដុល្លារ។
ក្នុងអំឡុងពេលសន្និសីទមួយ លោក Wang Chuanfu ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ BYD បានប្រកាសថាក្រុមហ៊ុននឹងលក់រថយន្តអគ្គិសនី (NEV) ចំនួន ៣ លានគ្រឿងនៅក្នុងឆ្នាំ ២០២៣ ប៉ុន្តែមានបំណងលក់ឲ្យបានចំនួន ៣,៦ លានគ្រឿង ដែលនឹងកើនឡើងទ្វេដងនៃការលក់ឆ្នាំ ២០២២ ។ ប្រសិនបើសម្រេចបាន BYD នឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តចិនដ៏ធំបំផុតនៅចុងឆ្នាំនេះ។
គួរឲ្យដឹងថា នៅក្នុងឆ្នាំ ២០២២ រថយន្តដែលលក់ដាច់បំផុតទាំង ៥ របស់ BYD គឺ:
- BYD Song Plus លក់បានចំនួន ៤៥៨ ០៤៧ គ្រឿង
- BYD Qin Plus លក់បានចំនួន ៣១៥ ២៨២ គ្រឿង
- BYD Han លក់បានចំនួន ២៧៤ ០១៦ គ្រឿង
- BYD Dolphine លក់បានចំនួន ២០៥ ៤១៧ គ្រឿង
- BYD ATTO 3 លក់បានចំនួន ២០២ ០៥៨ គ្រឿង
ទោះជាយ៉ាងណាក៏ដោយ សម្រាប់នៅក្នុងឆ្នាំ ២០២៣ ប្រទេសចិនបានលុបចោលការឧបត្ថម្ភរថតន្តអគ្គិសនី EV ហើយសង្គ្រាមតម្លៃនៅក្នុងឧស្សាហកម្មរថយន្តកាន់តែខ្លាំងក្លា ហើយឧស្សាហកម្មជាទូទៅមានការព្រួយបារម្ភអំពីថាតើ BYD អាចលក់បានរថយន្ត ជាង ៣ លានគ្រឿងនៅឆ្នាំ ២០២៣ ដែរឬទេ៕