BYD នឹងចាប់ផ្ដើមវាយលុយទីផ្សារជប៉ុន ចាប់ពីឆ្នាំ២០២៣

[ទីផ្សារបរទេស] កាលពីថ្មីៗនេះក្រុមហ៊ុន BYD បានរៀបចំកម្មវិធីសន្នីសីទកាសែតមួយនៅឯទីក្រុងតូក្យូប្រទេស​ជប៉ុន ដើម្បី​ប្រកាស​អំពី​ផែនការ​លក់​រថយន្តអគ្គិសនីតូច Atto 3 នៅទីផ្សារនេះចាប់ពីឆ្នាំ​២០២៣ ជាមួយគម្រោង​ចេញ​លក់​រថយន្តពីរម៉ូដែល​ទៀត​ផងដែរនៅឆ្នាំដដែល។

Atto 3 គឺជារថយន្ត SUV បែបស្ព័រ ជាប្រភេទរថយន្តប្រើថាមពលអគ្គិសនីសុទ្ធ ហើយ​រថយន្តពីរម៉ូដែលទៀតគឺរថយន្ត Dolphin និងរថយន្ត Seal ដោយ​​លក្ខណៈសម្បត្តិ, តម្លៃលក់ ក៏​ដូច​ជា​គោល​ដៅ​នៃ​ការលក់នៃរថយន្តទាំងនេះ គឺនៅមិនទាន់ប្រកាសចេញនៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ននៅប្រទេសជប៉ុន រថយន្តអគ្គិសនីមានចំណែកប្រមាណ ១% ប៉ុណ្ណោះ​នៃ​ចំនួន​លក់​រថយន្តប្រចាំឆ្នាំ ខណៈដែល​រដ្ឋាភិបាល​បាន​ដាក់​គោលដៅ​ថាត្រឹមឆ្នាំ​២០៣៥ រថយន្តដែលលក់​លើទីផ្សារត្រូវតែជារថយន្តអគ្គិសនី និងជារថយន្ត PHEV។ ត្បិតថា​ជប៉ុន​ទើប​ចាប់​ផ្ដើម​យកចិត្តទុកដាក់លើការអភិវឌ្ឍន៍រថយន្តអគ្គិសនី ប៉ុន្តែមានក្រុមហ៊ុនបរទេសដូចជា Tesla និង Volkswagen បាន​ត្រៀម​ខ្លួន​រួចរាល់ក្នុងការវាយលុកទីផ្សារនេះ។

គួរដឹងថា BYD មានលក់រថយន្តអគ្គិសនី និងរថយន្តប្រភេទពាណិជ្ជកម្ម​នៅ​ទីផ្សារជាង ៧០ ប៉ុន្តែរថយន្តអគ្គិសនី​បាន​ផ្ដោតការ​លក់​ជា​សំខាន់​តែនៅទីផ្សារប្រទេសចិនប៉ុណ្ណោះ។ ទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះ BYD ចាប់ផ្ដើមលក់រថយន្តអគ្គិសនី​មួយ​ចំនួន​នៅ​ទីផ្សារបរទេស​​មានដូចជាប្រទេសន័រវេស, សិង្ហបុរី, ប្រេស៊ីល និងកូឡុំប៊ីជាដើម។

ក្នុងឆ្នាំ២០២១ ចំនួនលក់រថយន្តដែលប្រើប្រាស់ថាមពលថ្មីរបស់ BYD ដែលមានរាប់បញ្ចូលរថយន្តអគ្គិសនីសុទ្ធ និងរថយន្ត PHEV មាន​ចំនួន​ជិត ៦០ម៉ឺន​គ្រឿង ដែលក្នុងនោះការលក់នៅប្រទេសចិនមានចំណែកជាង ៩០%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម