[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD បាននិយាយនៅលើគណនី Weibo របស់ខ្លួនថា ក្រុមហ៊ុននឹងដំឡើងតម្លៃរថយន្តអគ្គិសនីមួយចំនួនពី ១ ០០០ ទៅ ៧ ០០០យ័ន (ប្រហែលខ្ទង់ ១៥០ ទៅ ១ ១០០ដុល្លារ) ដោយសារតែការកើនឡើងនៃតម្លៃវត្ថុធាតុដើម និងការកាត់បន្ថយការឧបត្ថម្ភធនលើរថយន្តថាមពលថ្មី។
BYD គឺជាក្រុមហ៊ុនផលិតអាគុយ និងរថយន្តអគ្គិសនីដ៏ពេញនិយមរបស់ចិន ដែលត្រូវបានគាំទ្រដោយអ្នកវិនិយោគដែលមានកេរ្តិ៍ឈ្មោះល្បីៗជាច្រើននៅទូទាំងពិភពលោក រួមទាំង មហាសេដ្ឋីអាមេរិក Warren Buffett ផងដែរ។
ពេញមួយឆ្នាំ ២០២១ ក្រុមហ៊ុន BYD បានលក់រថយន្តអគ្គិសនីថ្មីរហូតដល់ចំនួន ៦០៣ ៧៨២គ្រឿងឯណោះ។ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា បើប្រៀបធៀបជាមួយនឹងចំនួនលក់ ១៨៩ ៦៨៩គ្រឿង ក្នុងឆ្នាំ ២០២០ វាបានមើលឃើញប្រាក់ចំណូលពីការលក់កើនឡើង ២១៨% ធៀបនឹងឆ្នាំមុន។
យ៉ាងណាមិញ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនខាងលើ គ្រោងនឹងចេញរថយន្តម៉ូដែលថ្មីចំនួន ៣ ទៀត សម្រាប់ទីផ្សារប្រទេសចិន គឺ BYD Seal មានចម្ងាយបើកបរសរុប ៧០០គីឡូម៉ែត្រ, BYD Seagull និង BYD Sea Lion ខណៈសមត្ថភាពនៃរថយន្តទាំង ២ ម៉ូដែលចុងក្រោយនេះ មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ៕