
បន្ទាប់ពីបានបង្ហាញចេញនូវផែនការថ្មីដើម្បីបង្កើននូវចំនួនលក់រថយន្តរបស់ខ្លួននៅក្នុងទីផ្សារប្រទេសជប៉ុន ពេលនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD បានប្រកាសបង្ហាញចេញជាផ្លូវនូវរថយន្ត BYD Racco របស់ខ្លួននៅក្នុងពិព័រណ៍ Japan Mobility Show ហើយ ដោយក្នុងនោះ នឹងប្រកាសបង្ហាញចេញលក់ជាផ្លូវការនៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ។ ក្នុងនោះ រថយន្តនេះ គឺមានតម្លៃលក់ក្រោម ២មុឺនដុល្លារប៉ុណ្ណោះ សម្រាប់ទីផ្សារជប៉ុន។

បើនិយាយពីការរចនាផ្នែកខាងក្រៅរបស់រថយន្តថ្មីនេះ គឺមានការរចនាបែបជ្រុងៗតាមស្ទាយរបស់រថយន្ត “Kei Car” ដែលពេញនិយមនៅជប៉ុន។ វាមានប្រវែង ៣ ៣៩៦ ម.ម ទទឹង ១ ៤៧៥ ម.ម និងកម្ពស់ ១ ៨០០ ម.ម ។ ចំពោះផ្នែកខាងក្នុងវិញ ទទួលបាននូវអេក្រង់ឌីជីថល ព្រមទាំងអេក្រង់កម្សាន្ត និងប្រព័ន្ធសុវត្ថិភាពមួយចំនួន។

ជាមួយគ្នានេះ សម្រាប់ផ្នែកថាមពល ក៏ទទួលបាននូវកញ្ចប់ថ្មប្រភេទ Blade Battery ទំហំ ២០គីឡូវ៉ាត់ម៉ោង ដែលអាចបើកបានចម្ងាយប្រហែល ១៨០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តងផងដែរ៕

















