BYD បញ្ចេញរូបភាពដំបូងនៃរថយន្ត BYD Tang DM-p ប្រភេទ Plug-in Hybrid ថ្មី មុនពេលបង្ហាញខ្លួនជាផ្លូវការនៅសប្តាហ៍ក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញរូបភាពប៉ាតង់ចុងក្រោយបង្អស់របស់រថយន្តអគ្គិសនី BYD Tang DM-p ប្រភេទ Plug-in Hybrid PHEV ថ្មី មុនពេលបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២២ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត BYD Tang DM-p មានប្រវែងតួខ្លួនសរុប ៤​ ៨៧០ ម.ម ទទឹង ១ ៩៥០ ម.ម កំពស់ ១ ៧២៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨២០ ម.ម ។ ត្រូវ​បាន​រចនា​ឡើង​វិញ​នៅ​ផ្នែក​ខាង​មុខ លក្ខណៈតួខ្លួន​បែបស្ព័រ និង​ប្រណីតភាព អម​ដោយ​កាង​ខាង​មុខ​ធំ ចង្កៀង​ក្រោយប្រភេទ​ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានគេរំពឹងថានឹងបំពាក់ដោយកុងទ័រព័ត៌មាន Full-LCD អេក្រង់កំសាន្តទំហំធំ គាំទ្របណ្តាញឆ្លាតវៃ DiLink3.0 ចុងក្រោយបង្អស់របស់ BYD និងប្រព័ន្ធ OTA ផងដែរ។

ចំនែកថាមពលម៉ាស៊ីនវិញ រថយន្ត Tang DM-p អាចត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ ប្រភេទ Snapdragon ជាមួយនឹង Miller cycle នឹងប្រព័ន្ធថាមពល EHS ភ្ជាប់ដោយអាគុយ Blade battery។ បន្ថែមពីនេះ ​រថយន្ត​ប្រភេទ Plug-in Hybrid ជំនាន់​ថ្មី​អាច​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​ EV Mode បានចម្ងាយ ២០២​ គីឡូម៉ែត្រក្នុងការសាកថ្មម្តង និង​កម្រិតស៊ីប្រេង​ជា​មធ្យម ១៩,២ គីឡូម៉ែត្រ​ក្នុង​មួយ​លីត្រ បង្កើន​សន្ទុះ​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល ៣,៧ វិនាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម