BYD បន្តគ្រងតំណែងលេខមួយ រុញ Tesla ទៅតំណែងលេខពីរ

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្ត BYD នៅតែជាក្រុមហ៊ុនផលិត និងលក់រថយន្តអគ្គិសនីលំដាប់លេខមួយលើលោក ដោយគិតត្រឹម​រយៈពេល៧ខែនៃឆ្នាំ២០២២នេះ BYD អាចលក់រថយន្តអគ្គិសនីបានសរុប ៨០០ ៧៤៥គ្រឿង ដែល​ស្មើ​នឹង ១៦,២% នៃ​ទំហំ​ទីផ្សារសកល។

ដោយឡែក Tesla ស្ថិតនៅ​ចំណាត់​ថ្នាក់​លេខពីរ ជាមួយ​ចំនួន​លក់ ៦១៧ ៣០៩គ្រឿង ដែលស្មើនឹង ១២,៥% នៃ​ទំហំទីផ្សារ​រថយន្ត​អគ្គិសនី​សកល។ យ៉ាងណាក្ដីអ្នកវិភាគ យល់ឃើញថា Tesla អាចនឹងដណ្ដើមបានតំណែងលេខមួយមក​នៅ​ត្រឹម​ចុងបញ្ចប់​នៃ​ត្រីមាសទីបីនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅចន្លោះខែមករា មកដល់ខែកក្កដា នៃឆ្នាំ២០២២នេះ Tesla Model Y នៅតែជារថយន្តអគ្គិសនីលក់ដាច់ជាងគេជាមួយ​ចំនួន​លក់ ៣៤៤ ៩២៨គ្រឿង នៅទូទាំងសកលលោក ខណៈដែលលេខពីរបានទៅលើរថយន្តតម្លៃធូរថ្លៃ Wuling HongGuang Mini EV ដែលលក់បាន ២៤៤ ៩៦១គ្រឿង និងលេខបីគឺរថយន្ត Tesla Model 3 លក់បាន ២៣៦ ៥១៨គ្រឿង។

គួរចាប់អារម្មណ៍ផងដែរថានៅខែកក្កដាកន្លងទៅ រថយន្តអគ្គិសនីបានកាន់កាប់ចំណែកទីផ្សាររថយន្តសកលបានដល់ ១០% ដែល​បាន​ក្លាយ​ជា​ការ​សម្រេចដ៏អស្ចារ្យថ្មីមួយរបស់រថយន្តអគ្គិសនី។ នេះបើតាម​ទិន្នន័យដែលរៀបចំដោយ CleanTechnica៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម