
ក្រុមហ៊ុន BYD បានបង្កើតក្រុមការងារជំនាញយ៉ាងច្រើនដែលមានចំនួន ៥ ០០០នាក់ ដើម្បីផ្ដោតលើការអភិវឌ្ឍបច្ចេកវិទ្យាជំនួយការបើកបរឆ្លាតវៃកម្រិតខ្ពស់ (ADAS) ហើយគ្រោងនឹងវិនិយោគថវិកាជាង ១០០ ពាន់លានយ័ន (ប្រហែល ១៤,៣ពាន់លានដុល្លារ) ទៅលើបច្ចេកវិទ្យាបើកបរឆ្លាតវៃ(Intelligent Driving Technologies) នាពេលអនាគត។
សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យានេះ BYD កំពុងជម្រុញដំណោះស្រាយ “AI intelligent agent + world model” ដោយប្រើប្រាស់សេណារីយ៉ូនិម្មិត (virtual scenarios) ដើម្បីបណ្តុះបណ្តាលប្រព័ន្ធឱ្យចេះដោះស្រាយកំហុសដែលកម្រនឹងកើតមាន។

BYD បានបញ្ជាក់ថា ប្រព័ន្ធជំនួយការបើកបរ និង Intelligent Cockpits គឺជាស្នូលនៃភាពឆ្លាតវៃរបស់រថយន្ត។ ដោយរថយន្តលែងគ្រាន់តែជាមធ្យោបាយធ្វើដំណើរទៀតហើយ ប៉ុន្តែវានឹងក្លាយជា “Intelligent Entities” នៅក្នុងយុគសម័យអ៊ីនធឺណិតនៃវត្ថុ (IoT)។ ក្រុមហ៊ុនចង់ផ្លាស់ប្តូររថយន្តពី “មធ្យោបាយធ្វើដំណើរ” ទៅជា “ដៃគូជីវិត-Life Partners” ជាមួយនឹងមុខងារដូចជា ការភ្ជាប់ទំនាក់ទំនងជាមួយដ្រូន (drone integration) និងការបញ្ជាឧបករណ៍ក្នុងផ្ទះដ៏ឆ្លាតវៃ (smart home control) ជាដើម។
ក្នុងនោះ BYD មានគោលដៅដាក់បញ្ចូលប្រព័ន្ធ ADAS កម្រិតខ្ពស់ជាស្តង់ដារ នៅថ្នាក់នៃម៉ូឌែលរថយន្តរបស់ខ្លួន ចាប់តាំងពីរថយន្តដែលមានតម្លៃសមរម្យ រហូតដល់រថយន្តប្រណីត។

សូមបញ្ជាក់ផងដែរថា គិតត្រឹមខែធ្នូ ឆ្នាំ ២០២៥ ចំនួនរថយន្តសរុបដែលបំពាក់ដោយប្រព័ន្ធ “God’s Eye” របស់ BYD បានកើនឡើងលើស ២,៥លានគ្រឿង ដែលបង្កើតបានជា Cloud Database ធំជាងគេបង្អស់សម្រាប់យានយន្តនៅក្នុងប្រទេសចិន។ ក្នុងនោះប្រព័ន្ធជំនួយការបើកបរនេះបង្កើតទិន្នន័យបើកបរជាក់ស្តែងជាង ១៥០លានគីឡូម៉ែត្រក្នុងមួយថ្ងៃ៕























