[ទីផ្សារបរទេស] ការចាត់ថ្នាក់តម្លៃលើទីផ្សារសកលលោកសម្រាប់ក្រុមហ៊ុនផលិតរថយន្តដែលទើបតែចេញផ្សាយ បានបង្ហាញចេញនូវតួលេខគួរឲ្យភ្ញាក់ផ្អើលមួយ ដោយក្រុមហ៊ុនរថយន្ត BYD បាននាំមុខ Volkswagen ក្លាយជាក្រុមហ៊ុនរថយន្តមានតម្លៃជាងគេលំដាប់ទីបី។
បញ្ជីថ្មីនៃចំណាត់ថ្នាក់បានបង្ហាញដែរថា Tesla នៅតែជាក្រុមហ៊ុនលេខមួួយ ដោយមានតម្លៃលើទីផ្សារសរុប ៧៤០,៥៨ពាន់លានដុល្លារ។ តម្លៃនេះគឺហាក់ខុសគ្នាឆ្ងាយទៅនឹង Toyota ដែលជាប់ចំណាត់ថ្នាក់លេខពីរជាមួយតម្លៃទីផ្សារ ២២៧,៥២ពាន់លានដុល្លារ។
ដោយឡែក BYD ឈរនៅចំណាត់ថ្នាក់លេខបីជាមួយតម្លៃទីផ្សារ ១២៧,២៣ពាន់លានដុល្លារ នាំមុខ Volkswagen ខណៈដែល Mercedes-Benz ឈរនៅចំណាត់ថ្នាក់លេខ៥ ជាមួយក្រុមហ៊ុន BMW Group, General Motors, Ford, Stellantis និង Honda ស្ថិតនៅចំណាត់ថ្នាក់បន្តបន្ទាប់។
បច្ចុប្បន្ននេះឃើញថាមានតែ BYD តែមួយប៉ុណ្ណោះដែលជាក្រុមហ៊ុនផលិតរថយន្តចិនអាចឈរនៅចំណាត់ថ្នាក់កំពូលទាំង១០ ហើយក្រុមហ៊ុនរថយន្តចិនដទៃទៀតដែលទើបមានឈ្មោះក្នុងបញ្ជីមានដូចជា Li Auto, Nio និង Xpeng ផងដែរ៕