[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការផ្ញើរូបភាព ជាមួយការចុះបញ្ចីទៅកាន់ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន (MIIT) ក្នុងការផលិតនៅរថយន្តអគ្គិសុទ្ធ BYD Atto3 ស៊េរីថ្មីចុងក្រោយ ឆ្នាំ ២០២៥ ជាមួយនឹងអាប់ដេតបន្ថែមទៅលើប្រព័ន្ធជំនួយការអ្នកបើកបរ ។
តាមរូបភាពរបស់រថយន្ត BYD Atto3 ថ្មី ដែលបានបង្ហាញដោយ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន គឺទទួលបានការឌីស្សាញថ្មី ទៅលើកាងផ្នែកខាងមុខ ជាមួយកាមេរ៉ាថ្មី ជំនួយដល់ប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ដែលបានធ្វើឲ្យប្រសើរឡើង រួមទាំងកាង spoiler ជាប់ដំបូលខាងក្រោយត្រូវបានអាប់ដេតថ្មី ខណៈប៉ាណា និងចង្កៀងមុខ-ក្រោយនៅរក្សាការឌីស្សាញដដែល ។
ទាកទងទៅនឹងផ្នែកថាមពលវិញ ទទួលបានជម្រើសកញ្ចប់អាគុយចំនួន ២ រួមមាន អាគុយទំហំ ៤៩,៩២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៣០ គីឡូម៉ែត្រ និងអាគុយទំហំ ៦០,៤៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។
គួរឲ្យដឹងថា BYD Atto3 ស៊េរីថ្មីចុងក្រោយ ឆ្នាំ ២០២៥ ក្រុមហ៊ុន BYD គ្រោងនឹងដាក់បញ្ចេញជាផ្លូវការនៅក្នុងត្រីមាសទី ២ ក្នុងឆ្នាំ ២០២៥ ខណៈតម្លៃលក់មិនទាន់បង្ហាញនៅឡើយទេ ៕