
រថយន្ដ BYD Yangwang U8 នឹងត្រៀមបង្ហាញវត្ដមាននៅទីផ្សារអឺរ៉ុបនៅឆ្នាំក្រោយ ហើយត្រូវប្រជែងជាមួយរថយន្ដម៉ាកប្រណីតដូចជា៖ Bentley, Porsche, Lotus និង Ferrari។ រថយន្ដ Yangwang U8 SUV និង U9 Electric supercar ត្រូវបានគេរំពឹងថានឹងក្លាយជាម៉ូឌែលដំបូងក្នុងត្រកកូល Yangwang ដែលចូលទីផ្សារអឺរ៉ុប។
ម៉ូឌែលលក់ដាច់បំផុតបច្ចុប្បន្នរបស់ត្រកូល Yangwang នៅប្រទេសចិន គឺជារថយន្តប្រភេទ EREV ប្រើអគ្គិសនីលាយសាំង (Extended Range Electric Vehicle) off-roader គឺម៉ូឌែល Yangwang U8 មានសមត្ថភាពពិសេសអាចបើកក្នុងទឹកបាន លក្ខណៈពិសេសនេះត្រូវបានរចនាឡើងសម្រាប់ការបើកបរក្នុងស្ថានភាពអាសន្ន ដូចជាទឹកជំនន់ ជាជាងការប្រើប្រាស់ជាលក្ខណៈកម្សាន្ត។
Yangwang គឺជាម៉ាកយីហោប្រណីតរបស់ BYD បានបង្ហាញខ្លួនកាលពីខែមករា ឆ្នាំ២០២៣ ក្នុងប្រទេសចិន។ ម៉ូឌែលដំបូងរបស់ខ្លួនគឺរថយន្ត SUV Yangwang U8 បានចាប់ផ្តើមលក់ក្នុងប្រទេសនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣។ រថយន្តនេះបានក្លាយជារថយន្តដែលផលិតច្រើនជាងគេ មានតម្លៃថ្លៃជាងគេរបស់ប្រទេសចិន ដោយដាក់លក់ជាមួយតម្លៃ ១៥១ ៧៥០ ដុល្លារ។
បន្ថែមពីកាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ Yangwang U9 អគ្គិសនីជាប្រភេទ supercar ត្រូវបានដាក់លក់ជាមួយតម្លៃ ២៣៤ ១០០ ដុល្លារ។ ម៉ូដែលទីបីរបស់ត្រកូល Yangwang បានចូលទីផ្សារក្នុងស្រុកនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៥ ជារថយន្តប្រភេទ Sedan ដាក់លក់ជាមួយតម្លៃចន្លោញពី ៨៧ ៥២០ ដល់ ៩៨ ៦៦០ ដុល្លារ។
មានពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងរថយន្ដត្រកូល Yangwang របស់ BYD នឹងត្រូវដាក់លក់នៅទីផ្សារសកល។ ជាក់ស្ដែង BYD បានធ្លាប់បានពិភាក្សាអំពីគម្រោងក្នុងការនាំយករថយន្ត Yangwang U8 ទៅបង្ហាញជាសាធារណៈនៅឯពិព័រណ៍រថយន្ត Geneva Motor Show ឆ្នាំ២០២៤ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងប្រទេសស្វីស។ កាលពីខែកក្កដាឆ្នាំមុនរថយន្ដត្រកូល Yangwang ចំនួន២ម៉ូឌែល ត្រូវបានដាក់បង្ហាញនៅមហោស្រព Goodwood Festival of Speed ឆ្នាំ២០២៤ នៅក្នុងប្រទេសអង់គ្លេស។ ទោះជាយ៉ាងណាក៏ដោយ BYD មិនបានចែករំលែកផែនការផ្លូវការអំពីការដាក់លក់នៅអឺរ៉ុបនោះទេ។
អនុប្រធានក្រុមហ៊ុន BYD អ្នកស្រី Stella Li បានប្រាប់ទស្សនាវដ្តីរថយន្តអង់គ្លេស Autocar កាលពីថ្ងៃទី ២១ ខែកក្កដា ថា ផែនការរបស់ក្រុមហ៊ុនគឺនាំយករថយន្ដត្រកូល Yangwang ចូលទីផ្សារអឺរ៉ុប។ វានឹងក្លាយជាម៉ូឌែលបន្ទាប់ពីត្រកូល Denza ដែលគ្រោងនឹងដាក់លក់នៅតំបន់អឺរ៉ុបនៅដើមឆ្នាំ ២០២៦។ យ៉ាងណាមិញមិនទាន់មានព័ត៌មានស្ដីអំពីកាលបរិច្ឆេទរបស់ Yangwang នឹងត្រៀមបង្ហាញខ្លួនអឺរ៉ុបជាក់លាក់ពេលណាទេ។
Yangwang U8 ជារថយន្ដប្រភេទ PHEV ដំណើរដោយម៉ាស៊ីន ICE ចំណុះ ២.០ រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួន៤ អាចផលិតកម្លាំងសរុបបាន ១ ១៨០ សេះ កម្លាំងរមួល ១ ២៨០Nm និងអាចជាន់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៣.៦ វិនាទី។ រថយន្ដនេះបំពាក់មកជាមួយអាគុយ LFP ទំហំ ៤៩.០៥ kWh ប្រើអគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ ១៨០ គីឡូម៉ែត្រ តែប្រើអគ្គិសនីលាយសាំងអាចបើកបាន ១ ០០០ គីឡូម៉ែត្រ។ លក្ខណៈពិសេសដ៏គួរចាប់អារម្មណ៍បំផុត របស់រថយន្តនេះគឺសមត្ថភាពរបស់វាក្នុងការបើកក្នុងទឹក អាចបើកបរក្នុងល្បឿន ៣ គីឡូម៉ែត្រក្នុងមួយម៉ោងពេលបើកក្នុងទឹក។
នៅខាងក្នុង រថយន្ត Yangwang U8 បានបំពាក់មកជាមួយបរិក្ខាគុណភាពខ្ពស់ដូចជាស្រោបជាមួយស្បែក Nappa, គ្រឿងតុបតែងដោយឈើ ។ នៅផ្នែកខាងមុខបានរថយន្ដបំពាក់ជាមួយអេក្រង់ចំនួន៣ ក្នុងនោះអេក្រហ់កុងទ័រឌីជីថលទំហំ ២៣.៦ អុីញ, អេក្រង់កម្សាន្ដនៅកណ្ដាល់ទំហំ ១២.៨ អុីញ និងអេក្រង់កម្សាន្ដសម្រាប់រួមមអ្នកដំណើរនៅផ្នែកខាងមុខទំហំ ២៣.៦ អុីញ។ កៅអីខាងមុខមានមុខងារកម្តៅ បញ្ចេញខ្យល់ និងម៉ាស្សា។ អ្វីកាន់តែពិសេសរថយន្ដក៏បានបំពាក់មកជាមួយ Head-up Display (augmented reality) ទំហំ ៧០អ៊ីញ, និងបំពាក់មកជាមួយឧបករណ៍បំពងសម្លេង Dynaudio ចំនួន២២គ្រាប់៕