
ត្រកូល Yangwang ដែលជាម៉ាកយីហោរថយន្តប្រណីតរបស់ក្រុមហ៊ុន BYD ពេលនេះរថយន្ដនេះ ត្រូវបានដាក់ឯកសារផលិតជាផ្លូវការ សម្រាប់រថយន្ត SUV ប្រណីតបំផុតម៉ូឌែល U8L ទៅកាន់ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) របស់ប្រទេសចិន។
រថយន្ត U8L ត្រូវបានពង្រីកទំហំតួខ្លួនធំជាងម៉ូឌែល U8 បន្ថែមជាមួយជាមួយជម្រើស ៦កៅអី ហើយបន្ដែមមកជាមួយជម្រើសស្រោបមាស 24K ដ៏ប្រណីតនៅ Logo ផ្នែកខាងមុខនិងខាងក្រោយ។ ការផ្លាស់ប្តូរទាំងនេះបង្ហាញថា U8L ជាគូប្រជែងដ៏ខ្លាំងក្លាបំផុត ជាមួយម៉ាកយីហោរថយន្ដប្រណីត ដែលមានស្រាប់នៅលើទីផ្សារសកល។
U8L រក្សាបាននូវរូបរាងផ្នែកខាងមុខដ៏លេចធ្លោ ដោយរក្សាតាមលំនាំរថយន្ដ U8 ត្រូវបានបំផុសគំនិតពីរូបចម្លាក់ឆ្នាំងសម្លរពីបុរាណរបស់ចិន ដើម្បីបញ្ចេញនូវអំណាច។ នៅផ្នែកខាងក្រោយ អ្នករចនាបានលុបចោលកន្លែងដាក់កង់សាគួរ ដើម្បីបង្កើតរូបរាងកាន់តែស្អាត ស័ក្តិសមសម្រាប់អតិថិជនជាន់ខ្ពស់។ ទ្វារខាងក្រោយ រថយន្ដនេះរចនាមកអាចបើបាន២ជាន់ ប្រើសម្រាប់ជាកន្លែងអង្គុយដែលអាចទ្រទម្ងន់បាន ២០០គីឡូក្រាម សាកសមបំផុតក្នុងការកម្សាន្តតាមមាត់ទឹក។
ចំពោះកម្រិតសមត្ថភាពរថយន្ដ Yangwang U8L ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន៤ អាចផលិតកម្លាំងបានប្រហែល ១ ១៨០ សេះ កម្លាំងបង្វិល ១ ២៨០ញ៉ូតុនម៉ែត្រ រួមបញ្ចូលជាមួយម៉ាស៊ីនសាំងចំណុះ ២.០។ រថយន្ដនេះបំពាក់មកជាមួយអាគុយ Blade LFP ទំហំ 49.05kWh គាំទ្រការសាកថ្មល្បឿនលឿន DC ទំហំ 110kW អាចបើកបរបាន ៨០គីឡូម៉ែត្រ ពេលប្រើថាមពលអគ្គិសនីសុទ្ធ តាមស្តង់ដារវាស់ចម្ងាយ CLT តែប្រើអគ្គិសនីលាយសាំងអាចបើកបរបានចម្ងាយ ១ ០០០ គីឡូម៉ែត្រ។
U8L ដំណើរការដោយប្រព័ន្ធ Cloud-Native P មានសមត្ថភាពអាចឲ្យរថយន្ដអណ្ដែតលើទឹក និងបង្វិលខ្លួនបាន។ ចំពោះកម្រិតសមត្ថភាពរបស់រថយន្ដ U8L មិនខុសគ្នាពីរថយន្ដ U8 ទេ។ បន្ថែមពីនេះ U8L ដំណើរដោយប្រព័ន្ធបើកបរស្វ័យប្រវត្តិ DiPilot 300 “God’s Eye” របស់ BYD ប្រើប្រាស់ LiDAR ចំនួន៣ (triple LiDAR arrays)។
ជាមួយនឹងការគ្រោងផលិតនៅចុងឆ្នាំ២០២៥ រថយន្ត U8L ចាត់ទុកថាជាគ្រាប់អុកជួយជំរុញយុទ្ធសាស្ត្ររបស់ Yangwang ចូលទៅក្នុងទីផ្សាររថយន្តប្រណីត ដើម្បីប្រជែងជាមួយរថយន្ដប្រេនធំៗដ៏ទៃទៀត។ តម្លៃរបស់រថយន្ដ ត្រូវបានគេរំពឹងអាចនឹងត្រូវដាក់លក់ក្នុងតម្លៃប្រហែល ១.៥ លានយ៉ន់ ស្មើនឹង ២០៥ ០០០ ដុល្លារអាមេរិក៕