BYD ដាក់លក់​រថយន្ត PHEV ជាលើកដំបូង និងធូរថ្លៃជាងគេបំផុតនៅជប៉ុន

ក្រុមហ៊ុន BYD បាន​សម្ពោធដាក់លក់ជាផ្លូវការរថយន្ត Sealion 6 នៅក្នុងប្រទេសជប៉ុន នាដើមខែធ្នូ ឆ្នាំ​២០២៥នេះ ក្នុងតម្លៃ ២៦ ៧០០ដុល្លារ ដែលជាធូរថ្លៃបំផុតនៅក្នុងទីផ្សារ​ប្រទេសនេះ ក្នុងចំណោម​ប្រភេទរថយន្ត SUV PHEV។ វាក៏ជារថយន្ត PHEV ទី១ របស់ BYD ផងដែរដែលលក់នៅជប៉ុន បន្ទាប់ពីបានចូលទីផ្សារនេះ ក្នុងឆ្នាំ២០២៣ ជាមួយនឹងរថយន្តអគ្គិសនី ៤ម៉ូឌែល។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងថា រថយន្ត Sealion 6 ជារថយន្តលក់ដាច់បំផុតមួយ ដែលមានចំណែកទីផ្សារប្រហែល ៣០ភាគរយ នៃការលក់រថយន្ត PHEV ទូទាំងពិភពលោក។ នៅជប៉ុន​ តម្លៃនេះ បាន​ប្រជែងយ៉ាងខ្លាំងជាមួយរថយន្តក្រុមហ៊ុនធំៗ រួមមាន Mitsubishi Outlander PHEV ជាដើម ហើយក៏ជាយុទ្ធសាស្រ្តរបស់ BYD ដែលផ្តោតគោលដៅ​អតិថជន​ជប៉ុន ដែលចូលចិត្ត Hybrid ជាង ព្រោះតែកង្វះខាតស្ថានីយបញ្ចូលថាមពល។

ក្រុមហ៊ុន BYD បានលើកឡើងថា រថយន្ត Sealion 6 ត្រូវបាន​កែសម្រួល​សម្រាប់​ទីផ្សារជប៉ុន ដោយផ្អែកលើការប្រមូលព័ត៌មានត្រឡប់ពីអតិថិជនក្នុងស្រុក ដូចជាការបង្កើន​ផាសុខភាព​កៅអីខាងក្រោយ និងកាត់បន្ថយរំញ័រជាដើម។ ក្រុមហ៊ុនចិននេះ ក៏គ្រោងបន្ថែមម៉ូឌែល PHEV ទៀតផងដែរ ក្នុងប្រទេសជប៉ុន។

 

បើរត់តែលើអគ្គិសនីសុទ្ធ BYD Sealion 6 អាចបើកបរបានចម្ងាយប្រហែល ១០០គីឡូម៉ែត្ររាល់ពេលសាកពេញ ហើយបើរត់លើម៉ាស៊ីនសាំងវិញ កម្រិតប្រើប្រាស់ជាមធ្យម ជាង ៤លីត្រប៉ុណ្ណោះ​ក្នុង១០០គីឡូម៉ែត្រ។

យោងតាមតួលេខពីសមាគមអ្នកនាំចូលរថយន្តនៃប្រទេសជប៉ុន ឲ្យដឹងថា គិតពីខែមករា ដល់ តុលា ឆ្នាំ២០២៥ BYD លក់​រថយន្តបានចំនួន ៣២៩៨គ្រឿង ក្នុងប្រទេសមួយនេះ កើនឡើង ៦០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម