
ក្រោយការប្រកាសដាក់បង្ហាញ និងលក់ជាផ្លូវការនូវរថយន្ត BYD Han L EV ស៊េរីថ្មីចុងក្រោយ សាកថ្មីត្រឹម ៥នាទី អាចជិះបាន ៤០០គីឡូម៉ែត្រ។ ជាមួយគ្នានេះក្រុមហ៊ុន BYD ក៏បានប្រកាសបន្ថែម ពីគម្រោងសាងសង់ស្ថានីយសាកថ្មល្បឿនលឿនបន្ថែមជាង ៤ ០០០កន្លែងនៅទូទាំងប្រទេសចិន។
បច្ចេកវិទ្យាសាកថ្មល្បឿនលឿនេះហៅថា “super e-platform” នឹងមានសមត្ថភាពអាចសាកថ្មលឿនបំផុត ជាមួយថាមពលថ្ម ១ ០០០ គីឡូវ៉ាត់ (kW) ដែលអនុញ្ញាតឲ្យរថយន្តដែលប្រើវាធ្វើដំណើរបាន ៤០០គីឡូម៉ែត្រ ប្រើពេលសាកថ្មត្រឹមតែរយៈពេល ៥នាទីប៉ុណ្ណោះ នេះបើតាមការលើកឡើង របស់ស្ថាបនិកក្រុមហ៊ុន BYD លោក Wang Chuanfu នៅក្នុងព្រឹត្តិការណ៍ផ្សាយផ្ទាល់ពីទីស្នាក់ការកណ្តាលនៅទីក្រុងសិនជិន។
បច្ចេកវិទ្យាល្បឿនសាកថ្ម ១ ០០០kW នឹងលឿនជាងពីរដង បើប្រៀបធៀបជាមួយស្ថានីយសាកថ្មលឿនរបស់ Tesla (TSLA.O) ដែលជាកំណែទម្រង់ចុងក្រោយ ជាមួួយល្បឿនសាកថ្មរហូតដល់ ៥០០kW។ បច្ចេកវិទ្យាសាកថ្មលឿនគឺជាកត្តាសំខាន់ក្នុងការបង្កើនការប្រើប្រាស់រថយន្តអគ្គិសនី ដោយមិនត្រូវរងចាំយូរទេ វាប្រៀបដូចជាងដូចការចាក់ប្រេងឥន្ធន:ចឹងដែរ។
បច្ចេកវិទ្យាសាកថ្មថ្មីនេះនឹងដាក់ដំណើរការដំបូងនៅក្នុងរថយន្តអគ្គិសនីថ្មី ២ម៉ូដែលរបស់ក្រុមហ៊ុន BYD ម៉ូដែល Han L sedan និងរថយន្ត Tang L SUV ជាមួយតម្លៃលក់ចាប់ពី ៣៧ ៣០០ ដុល្លារ ដល់ ៤៨ ៣០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
ក្រុមហ៊ុនក៏មិនបានបញ្ជាក់ពីពេលវេលា ឬចំនួនទឹកប្រាក់ដែលខ្លួននឹងវិនិយោគក្នុងការសាងសង់ស្ថានីយសាកថ្មល្បឿនលឿនទាំងនោះទេ។ រហូតមកដល់ពេលនេះ ម្ចាស់រថយន្ត BYD ភាគច្រើនពឹងផ្អែកលើកន្លែងសាកថ្មរបស់ក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត ឬស្ថានីយសាកថ្មសាធារណៈដែលដំណើរការដោយប្រតិបត្តិករភាគីទី៣ ដើម្បីសាករថយន្តរបស់ពួកគេ៕