[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្ត BYD Tang L ស៊េរីថ្មីចុងក្រោយ ទទួលបានការឌីស្សាញថ្មី រំពឹងថាមានតម្លៃលក់ចាប់ពី ៤០ ៩៥០ ដុល្លារ នៅទីផ្សារប្រទេសចិន ។
BYD Tang L ស៊េរីថ្មីចុងក្រោយ ផលិតឡើងនៅលើគ្រោងឆ្អឹង e-platform 3.0 ផ្តល់ជូននៅជម្រើសថាមពលចំនួន ២ ប្រភេទរួមមាន៖
- ប្រភេទ EV បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានដល់ ១ពាន់ សេះ និងអាគុយទំហំ ១០០,៥ គីឡូវ៉ាត់ម៉ោង ខណៈចម្ងាយបើកបរ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ
- ប្រភេទកូនកាត់ Plug-in Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុបខ្ទង់ ២៧២ សេះ ផ្គួបជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ១៦៥គីឡូម៉ែត្រដោយថាមពលអគ្គិសនីសុទ្ធ
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ០៤០ ម.ម ទទឹង ១ ៩៩៦ ម.ម កំពស់ ១ ៧០៦ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៥០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈស្ព័រខ្លាំងជាងមុន ជាមួយចង្កៀងមុខប្រភេទ LED រាងស្រួច ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញថ្មី និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ ក៏ដូចជាកន្លែសាកថ្មឥតប្រើខ្សែចំនួន ២ ទីតាំងជាដើម ៕