[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញរូបភាពប៉ាតង់ចុងក្រោយបង្អស់របស់រថយន្តអគ្គិសនី BYD Tang DM-p ប្រភេទ Plug-in Hybrid PHEV ថ្មី មុនពេលបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២២ នៅក្នុងទីផ្សារប្រទេសចិន។
រថយន្ត BYD Tang DM-p មានប្រវែងតួខ្លួនសរុប ៤ ៨៧០ ម.ម ទទឹង ១ ៩៥០ ម.ម កំពស់ ១ ៧២៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨២០ ម.ម ។ ត្រូវបានរចនាឡើងវិញនៅផ្នែកខាងមុខ លក្ខណៈតួខ្លួនបែបស្ព័រ និងប្រណីតភាព អមដោយកាងខាងមុខធំ ចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។
ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានគេរំពឹងថានឹងបំពាក់ដោយកុងទ័រព័ត៌មាន Full-LCD អេក្រង់កំសាន្តទំហំធំ គាំទ្របណ្តាញឆ្លាតវៃ DiLink3.0 ចុងក្រោយបង្អស់របស់ BYD និងប្រព័ន្ធ OTA ផងដែរ។
ចំនែកថាមពលម៉ាស៊ីនវិញ រថយន្ត Tang DM-p អាចត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ ប្រភេទ Snapdragon ជាមួយនឹង Miller cycle នឹងប្រព័ន្ធថាមពល EHS ភ្ជាប់ដោយអាគុយ Blade battery។ បន្ថែមពីនេះ រថយន្តប្រភេទ Plug-in Hybrid ជំនាន់ថ្មីអាចដំណើរការដោយថាមពលអគ្គិសនី EV Mode បានចម្ងាយ ២០២ គីឡូម៉ែត្រក្នុងការសាកថ្មម្តង និងកម្រិតស៊ីប្រេងជាមធ្យម ១៩,២ គីឡូម៉ែត្រក្នុងមួយលីត្រ បង្កើនសន្ទុះពី ០-១០០ គ.ម/ម៉ ក្នុងពេល ៣,៧ វិនាទីប៉ុណ្ណោះ៕