[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្ត BYD នៅតែជាក្រុមហ៊ុនផលិត និងលក់រថយន្តអគ្គិសនីលំដាប់លេខមួយលើលោក ដោយគិតត្រឹមរយៈពេល៧ខែនៃឆ្នាំ២០២២នេះ BYD អាចលក់រថយន្តអគ្គិសនីបានសរុប ៨០០ ៧៤៥គ្រឿង ដែលស្មើនឹង ១៦,២% នៃទំហំទីផ្សារសកល។
ដោយឡែក Tesla ស្ថិតនៅចំណាត់ថ្នាក់លេខពីរ ជាមួយចំនួនលក់ ៦១៧ ៣០៩គ្រឿង ដែលស្មើនឹង ១២,៥% នៃទំហំទីផ្សាររថយន្តអគ្គិសនីសកល។ យ៉ាងណាក្ដីអ្នកវិភាគ យល់ឃើញថា Tesla អាចនឹងដណ្ដើមបានតំណែងលេខមួយមកនៅត្រឹមចុងបញ្ចប់នៃត្រីមាសទីបីនេះ។
នៅចន្លោះខែមករា មកដល់ខែកក្កដា នៃឆ្នាំ២០២២នេះ Tesla Model Y នៅតែជារថយន្តអគ្គិសនីលក់ដាច់ជាងគេជាមួយចំនួនលក់ ៣៤៤ ៩២៨គ្រឿង នៅទូទាំងសកលលោក ខណៈដែលលេខពីរបានទៅលើរថយន្តតម្លៃធូរថ្លៃ Wuling HongGuang Mini EV ដែលលក់បាន ២៤៤ ៩៦១គ្រឿង និងលេខបីគឺរថយន្ត Tesla Model 3 លក់បាន ២៣៦ ៥១៨គ្រឿង។
គួរចាប់អារម្មណ៍ផងដែរថានៅខែកក្កដាកន្លងទៅ រថយន្តអគ្គិសនីបានកាន់កាប់ចំណែកទីផ្សាររថយន្តសកលបានដល់ ១០% ដែលបានក្លាយជាការសម្រេចដ៏អស្ចារ្យថ្មីមួយរបស់រថយន្តអគ្គិសនី។ នេះបើតាមទិន្នន័យដែលរៀបចំដោយ CleanTechnica៕