BYD ប្រកាសចេញរថយន្តបំពាក់ម៉ាស៊ីន Super Hybrid ដែលរត់ជាមួយគ្នាលើជីវឥន្ធនៈ មុនគេបង្អស់

BYD អះអាងថា ខ្លួនបានអភិវឌ្ឍរថយន្ត​បំពាក់ប្រព័ន្ធម៉ាស៊ីន Super Hybrid ដែលអាចរត់ជាមួយគ្នាលើជីវឥន្ធនៈជាលើកដំបូងក្នុងពិភពលោក សម្រាប់​ទីផ្សារប្រទេសប្រេស៊ីល ខណៈប្រទេសអាមេរិកខាងត្បូងមួយនេះ សម្បូរទៅដោយការប្រើប្រាស់​អេតាណុល។

បច្ចេកវិទ្យានេះ ត្រូវបាន BYD បង្ហាញចេញក្នុងអំឡុងពិធីសម្ពោធ​រោងចក្ររបស់ខ្លួននៅក្រុង Camacari ប្រទេសប្រេស៊ីល ដែលវានឹងជួយបង្កើនភាពបៃតង សន្សំសំចៃ និងកម្លាំងម៉ាស៊ីនខ្លាំង។ គម្រោងម៉ាស៊ីនថ្មីនេះ ត្រូវបានអភិវឌ្ឍរួមគ្នា​រវាង​វិស្វករចិន និងប្រេស៊ីល ជាង ១០០នាក់ អស់រយៈពេល ២ឆ្នាំមកហើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ប្រព័ន្ធម៉ាស៊ីនថ្មីនេះ នឹងបំពាក់លើរថយន្តម៉ូឌែល Song Pro ដែលផលិតនៅរោងចក្រថ្មីខាងលើ។ រថយន្តនេះ ប្រើប្រព័ន្ធ DM-i ចំណុះ ១,៥លីត្រ ដែលអាចដំណើរការបញ្ចូលគ្នានូវសាំង និងអេតាណុល។

យ៉ាងណាមិញ BYD ផលិតរថយន្តដែលបំពាក់ប្រព័ន្ធម៉ាស៊ីនថ្មីនេះ ប្រមាណតែ ៣០គ្រឿងប៉ុណ្ណោះ ហើយគ្រោងនឹងបរិច្ចាគសម្រាប់​កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP30 របស់ UN នាពេលខាងមុខ។

គួរដឹងថា ជីវឥន្ធនៈ (Biofuel) ជាឥន្ធនៈរាវផលិតចេញពីសារធាតុសរីរាង្គ ឬប្រេងរុក្ខជាតិ​ដែលអាចដុតឆេះបាន។ ជីវឥន្ធនៈមានដូចជា អាល់កុល (ជីវអេតាណុល) ជ័រខ្មៅម្យ៉ាងបានពីដំណើរការផលិតក្រដាស ប្រេង សណ្តែកសៀង…៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម