bZ4X ជួយឲ្យ Toyota ក្លាយជាក្រុមហ៊ុនដែលលក់ EV ដាច់ជាងគេនៅជប៉ុន ជាលើកដំបូង

រថយន្ត Toyota bZ4X បានក្លាយ​ជារថយន្តអគ្គិសនី​ដែលលក់ដាច់ជាងគេនៅជប៉ុន ក្នុងត្រីមាសទី៤ គិតពីខែតុលា ដល់ ធ្នូ ឆ្នាំ២០២៥ ជាមួយចំនួន ៣៤៤៨គ្រឿង។ ភាពជោគជ័យរបស់​រថយន្ត bZ4X នេះ បាន​ជួយឲ្យ Toyota ក្លាយជាក្រុមហ៊ុន​ដែលលក់រថយន្តអគ្គិសនី​បានច្រើនជាងគេបង្អស់​ក្នុងប្រទេសជប៉ុន ជាលើកដំបូង។

កំណើនដ៏ខ្លាំង​នៃការលក់រថយន្តអគ្គិសនីនេះ បន្ទាប់ពី Toyota បាន​អាប់ដេត bZ4X បង្កើនចម្ងាយបើកបរដល់ ៧៤៦គីឡូម៉ែត្រ​ក្នុងពេលសាកពេញម្តង ដែលជាចម្ងាយឆ្ងាយជាងគេបង្អស់នៅជប៉ុន។ ចំពោះការសាកភ្លើងវិញ ចំណាយពេលត្រឹមតែ ២៨នាទីប៉ុណ្ណោះ ក្នុងការសាកពី ១០ ទៅ ៨០ភាគរយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កត្តាមួយទៀតដែលជំរុញដល់ការលក់នេះ ត្រូវបានជឿជាក់ថា គឺដោយសារតែយុទ្ធសាស្រ្តរបស់ Toyota ដែលផ្តល់សេវានៃការសាករថយន្តអគ្គិសនី bZ4X ដោយឥតគិតថ្លៃ រយៈពេល ១ឆ្នាំ បន្ទាប់ពីការទិញ។

សម្រាប់ការលក់​រថយន្តអគ្គិសនី​នៅត្រីមាសទី៤នេះដែរ រថយន្តដែល់ជាប់ចំណាត់ថ្នាក់ទី២ បានទៅលើ Honda N-ONE e ចំនួន ២៧៣២គ្រឿង និងទី៣ គឺជា Nissan Sakura ចំនួន ១៨៩៥គ្រឿង។

សូមជម្រាប​ថា ការលក់រថយន្តអគ្គិសនី​នៅប្រទេសជប៉ុន ក្នុងឆ្នាំ២០២៥ មានចំនួន ៦០ ៦៧៧គ្រឿង កើនឡើង ១,៦% បើប្រៀបធៀបនឹង​ឆ្នាំ២០២៤ ដែលនាំមុខដោយក្រុមហ៊ុន Toyota មានចំនួន ៤២០៣គ្រឿង និងតាមពីក្រោយដោយក្រុមហ៊ុនចិន BYD ចំនួន ៣៧៤២គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម