រថយន្ត Toyota bZ4X បានក្លាយជារថយន្តអគ្គិសនីដែលលក់ដាច់ជាងគេនៅជប៉ុន ក្នុងត្រីមាសទី៤ គិតពីខែតុលា ដល់ ធ្នូ ឆ្នាំ២០២៥ ជាមួយចំនួន ៣៤៤៨គ្រឿង។ ភាពជោគជ័យរបស់រថយន្ត bZ4X នេះ បានជួយឲ្យ Toyota ក្លាយជាក្រុមហ៊ុនដែលលក់រថយន្តអគ្គិសនីបានច្រើនជាងគេបង្អស់ក្នុងប្រទេសជប៉ុន ជាលើកដំបូង។
កំណើនដ៏ខ្លាំងនៃការលក់រថយន្តអគ្គិសនីនេះ បន្ទាប់ពី Toyota បានអាប់ដេត bZ4X បង្កើនចម្ងាយបើកបរដល់ ៧៤៦គីឡូម៉ែត្រក្នុងពេលសាកពេញម្តង ដែលជាចម្ងាយឆ្ងាយជាងគេបង្អស់នៅជប៉ុន។ ចំពោះការសាកភ្លើងវិញ ចំណាយពេលត្រឹមតែ ២៨នាទីប៉ុណ្ណោះ ក្នុងការសាកពី ១០ ទៅ ៨០ភាគរយ។

កត្តាមួយទៀតដែលជំរុញដល់ការលក់នេះ ត្រូវបានជឿជាក់ថា គឺដោយសារតែយុទ្ធសាស្រ្តរបស់ Toyota ដែលផ្តល់សេវានៃការសាករថយន្តអគ្គិសនី bZ4X ដោយឥតគិតថ្លៃ រយៈពេល ១ឆ្នាំ បន្ទាប់ពីការទិញ។
សម្រាប់ការលក់រថយន្តអគ្គិសនីនៅត្រីមាសទី៤នេះដែរ រថយន្តដែល់ជាប់ចំណាត់ថ្នាក់ទី២ បានទៅលើ Honda N-ONE e ចំនួន ២៧៣២គ្រឿង និងទី៣ គឺជា Nissan Sakura ចំនួន ១៨៩៥គ្រឿង។
សូមជម្រាបថា ការលក់រថយន្តអគ្គិសនីនៅប្រទេសជប៉ុន ក្នុងឆ្នាំ២០២៥ មានចំនួន ៦០ ៦៧៧គ្រឿង កើនឡើង ១,៦% បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលនាំមុខដោយក្រុមហ៊ុន Toyota មានចំនួន ៤២០៣គ្រឿង និងតាមពីក្រោយដោយក្រុមហ៊ុនចិន BYD ចំនួន ៣៧៤២គ្រឿង៕


























