[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Cadillac បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត All-New Cadillac XT5 សេរ៊ីឆ្នាំ២០២៥ មុខមាត់ថ្មី ជាមួយតម្លៃលក់ចាប់ពី ៥០ ០០០ ដុល្លារ ដល់ ៧០ ០០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន ហើយគ្រោងចេញលក់ជាផ្លូវការក្នុងពេលឆាប់ៗនេះ។
Cadillac XT5 របស់ចិនមានប្រវែងតួខ្លួនសរុប ៤ ៨៨៨ ម.ម ទទឹង ១ ៩៥៧ ម.ម កម្ពស់ ១ ៦៨៣ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៦៣ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តនេះ គឺទទួលបានការរចនាបែបសហសម័យដ៏ស្រស់បំព្រង រួមទាំងប៉ាណាខាងមុខដ៏លេចធ្លោ ចង្កៀងមុខ LED ដ៏ស្លីមរចនាបែបបញ្ឈរ បូកផ្សំជាមួយការរចនានិងតុបតែងចង្កៀងក្រោយថ្មីរចនារាងអក្សរ L ព្រមទាំងប្រើប្រាស់ថាសកង់់ស្ព័រទំហំថ្មី ពោលគឺពី ១៨ ដល់ ២០ អ៊ីញ។
រថយន្តនេះ ដំណើរការដោយម៉ាសុីនសុាំងចំណុះ ២,០ លីត្រ turbocharged ទំហំ ៤ សុីឡាំង ផលិតកម្លាំងសរុបបាន ២២៧ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ១ FWD និងប៉ុង ២ AWD រួមជាមួយប្រព័ន្ធហ្វ្រាំងកម្រិតខ្ពស់ Brembo 6 ពីស្តុងផងដែរ។
ចំណែកកាប៊ីនផ្នែកខាងក្នុងវិញ មានបំពាក់ទៅដោយអេក្រង់ទំហំ ៣៣ អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ អាចភ្ជាប់ Android Auto និង Apple CarPlay ឥតប្រើខ្សែ ក៏ដូចជា សម្ភារៈប្រណិតៗ កន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធអូឌីយ៉ូ AKG ជាដើម៕