Cadillac CT4-V Blackwing ឆ្នាំ២០២២ កម្លាំងជិត ៥០០សេះ តម្លៃជាង ៥ម៉ឺនដុល្លារ

ក្រុមហ៊ុន Cadillac បានប្រកាសចេញរថយន្ត CT4-V Blackwing ស៊េរីឆ្នាំ២០២២ ថ្មីសន្លាងរបស់ខ្លួន ដោយបំពាក់ម៉ាស៊ីនកម្លាំងខ្លាំង និងប្រណីតភាព មកមួយកំផ្លេរតែម្តង។

រថយន្ត Cadillac CT4-V Blackwing ឆ្នាំ២០២២ បំពាក់ម៉ាស៊ីន twin-turbo ចំណុះ ៣,៦លីត្រ V6 មានកម្លាំងរហូតដល់ទៅ ៤៧២សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៨វិនាទី ហើយមានល្បឿនអតិបរមាដល់ ៣០៤គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត CT4-V Blackwing នេះ គឺមានកម្លាំងខ្លាំងជាងគូប្រជែង ដូចជា Audi RS3 (៣៩៤សេះ) និង Mercedes-AMG CLA 45 (៣៨២សេះ) ទៅទៀត។ មិនតែប៉ុណ្ណោះ ម៉ាស៊ីនអាចយកមកប្រៀបធៀបបានជាមួយនឹង BMW M3 ដែលមានកម្លាំង ៤៧៣សេះ ពោលគឺខុសគ្នាតែ ១សេះប៉ុណ្ណោះ។

បន្ថែមពីនេះ CT5-V Blackwing នេះ ផ្តល់ទាំងជម្រើសលេខដៃ ៦វគ្គ និង លេខអូតូ ១០វគ្គ ហើយថែមទាំងបានអាប់ដេតលើប្រព័ន្ធបូម និងហ្វ្រាំងទៀតផង។

ចំណែកឯខាងក្នុងកាប៊ីនវិញ វាមានបំពាក់ដៃចង្កូតស្បែក, កៅអីមុខអាចសារ៉េបាន ១៨ទិស ហើយមានមុខងារកម្តៅ, កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ, ប្រព័ន្ធសំឡេង AKG ១៤គ្រាប់, អេក្រង់កម្សាន្ត ៨អ៊ីញ អាចភ្ជាប់មុខងារ Android Auto និង Apple CarPlay ព្រមទាំងកុងទ័រឌីជីថល ១២អ៊ីញផងដែរ។

រថយន្ត Cadillac CT4-V Blackwing ឆ្នាំ២០២២ ថ្មីនេះត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៥៩ ៩៩០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម