Cadillac​ Escalade IQ ឆ្នាំ២០២៥ ប្រភេទ SUV កៅអី ៣ជួរ នឹងចូលផលិតកម្មនៅពាក់កណ្តាលឆ្នាំនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Cadillac គ្រោងនឹងធ្វើការនាំយករថយន្តអគ្គិសនីសុទ្ធ Cadillac Escalade IQ ស៊េរីឆ្នាំ ២០២៥ ដែលមានតម្លៃលក់ចាប់ពី ១៣០ ០០០ ដុល្លារ ចូលផលិតកម្មជាផ្លូវការនៅពាក់កណ្តាលឆ្នាំ ២០២៤ នៅរោងចក្រ ZERO របស់ GM ក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិក ។

រថយន្តប្រភេទ SUV កៅអី ៣ជួរនេះ នឹងក្លាយជាម៉ូដែលប្រើអគ្គិសនីសុទ្ធទី ៣ របស់ក្រុមហ៊ុនបន្ទាប់ពី Cadillac Lyriq និង Cadillac Celestiq និងត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Ultium platform ដែលផ្តោតទៅលើគុណភាពខ្ពស់ ក៏ដូចជាប្រណិតភាព ត្រូវបានបំពាក់ដោយមុខងារជាច្រើនរួមមាន ចង្កូតដែលអាចបញ្ជាទៅលើកង់ទាំង ៤, ប្រព័ន្ធប៊ូមខ្យល់ Adaptive Air Ride Suspension, ជំនួយអ្នកបើកបរ Super Cruise, អេក្រង់កំសាន្តលាតសន្ទឹកពេញផ្ទៃតាប្លូទំហំដល់ទៅ ៥៥ អ៉ីញ ព្រមទាំងថាសកង់ស្ព័រទំហំ ២៤អ៉ីញ ស្រោបដោយសំបកទំហំ ៣៥អ៉ីញ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងថាមពលវិញ រថយន្តនេះ បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៧៥០ សេះ និងកម្លាំងរមួល ១០៦៤ ញ៉ូតុនម៉ែត្រ នៅពេលប្រើ Velocity Max driving mode ផ្គួបជាមួយអាគុយលីដ្យូម អាចបើកបរបានចម្ងាយ ៧២៤ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង និងសាកថ្មត្រឹម ១០នាទី អាចបើកបរបានចម្ងាយ ១៦០ គីឡូម៉ែត្រ ដែលត្រូវបានគាំទ្រដោយឆ្នាំងសាក 800-volt class chargers ។ លើសពីនេះ ក៏មានប្រព័ន្ធផ្ទេរថាមពល V2L និង V2H ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម