
បន្ទាប់ពីមានការប្រកួតប្រជែងពីសំណាក់ក្រុមហ៊ុនជាច្រើន និងដើម្បីបំពេញតម្រូវការទីផ្សារពីមួយឆ្នាំទៅមួយឆ្នាំ ពេលនេះ ក្រុមហ៊ុនផលិតថ្មឈានមុខលើពិភពលោក CATL បានប្រកាសបង្ហាញចេញនូវថ្មថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ គឺមានឈ្មោះថា Shenxing Pro ។
ក្នុងនោះ សម្រាប់ថ្ម Shenxing Pro នេះ គឺជាថ្មប្រភេទ LFP ហើយចែកចេញជា ២ប្រភេទគឺ Long Life & Long Range Battery និង Super-Fast Charging Battery ។
-
សម្រាប់ប្រភេទ Long Range វាគឺអាចបើកបរបានចម្ងាយខ្ទង់ ៧៥៨ គីឡូម៉ែត្រ (WLTP) ឯណ្ណោះ នៅពេលសាកពេញម្តង និងមានអាយុកាលរហូតដល់ ១២ឆ្នាំ ឬ ១ ០០០ ០០០គីឡូម៉ែត្រ។ បើតាមការបញ្ជាក់ពីក្រុមហ៊ុនផ្ទាល់ ថ្មនេះ គឺមានការបាត់បង់សមត្ថភាពត្រឹមតែ ៩% ប៉ុុណ្ណោះ បន្ទាប់ពីការប្រើប្រាស់ ២០០ ០០០គីឡូម៉ែត្រ។
-
សម្រាប់កំណែ Super-Fast Charging វិញ គឺអាចជិះបានចម្ងាយខ្ទង់ ៤៧៨ គីឡូម៉ែត្រ ដោយគ្រាន់តែសាកក្នុងរយៈពេលត្រឹមតែ ១០នាទី ប៉ុណ្ណោះ ហើយវាក៏គាំទ្រការសាកកម្លាំងដល់ ៨៣០គីឡូវ៉ាត់ ទោះបីស្ថិតនៅកម្រិតថ្មត្រឹមតែ ២០% ផងដែរ។ វាមានការធានា ១០ ឆ្នាំ ឬ ២៤០ ០០០គីឡូម៉ែត្រ។
គួរបញ្ជាក់ថា ក្រៅពីសមត្ថភាពទាំងនេះ ថ្មទាំងពីរប្រភេទខាងលើនេះ ក៏ទទួលបាននូវប្រព័ន្ធបច្ចេកវិទ្យា NP 3.0 (No Propagation 3.0) ដែលអាចការពារការឆេះនៅពេលមានកម្ដៅខ្លាំងផងដែរ ហើយនៅពេលកើតមានបញ្ហាខូចវិញ វាក៏អាចបន្តផ្គត់ផ្គង់ថាមពលឲ្យរថយន្តរត់បានលើស ១ម៉ោង ផងដែរ ពោលគឺវាមិនផ្ទុះ ឬខូចភ្លាមៗនោះឡើយ ដូច្នេះ អ្នកបើកបរគឺអាចមានពេលគ្រប់គ្រាន់ក្នុងការបើកបរទៅកាន់ទីតាំងសុវត្ថិភាព និងយានដ្ឋានសម្រាប់ជួសជុល៕