លោក Andy Palmer ត្រូវបានដកចេញពីតំណែងជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនរថយន្ត Aston Martin ស្របពេលដែលតម្លៃហ៊ុនរបស់ក្រុមហ៊ុនបន្តធ្លាក់ចុះខ្លាំង។
ការប្រកាសជាផ្លូវការនឹងធ្វើឡើងនាថ្ងៃអង្គារនេះ ដែលវាជាផ្នែកមួយនៃការផ្លាស់ប្ដូររចនាសម្ព័ន្ធទ្រង់ទ្រាយធំរបស់ Aston Martin។ The Guardian បានឲ្យដឹងថាតំណែងរបស់លោក Andy នឹងត្រូវជំនួសដោយលោក Tobias Moers ដែលបច្ចុប្បន្នជានាយកប្រតិបត្តិនៃ Mercedes-AMG។
ក្រោមការកាន់កាប់របស់លោក Andy តម្លៃហ៊ុនរបស់ Aston Martin គិតចាប់ពីខែតុលា ឆ្នាំ ២០១៨ ពីតម្លៃជាង ៤,៨៧ពាន់លានដុល្លារ បានធ្លាក់មកនៅត្រឹមប្រមាណ ៦៨៤លានដុល្លារ គិតត្រឹមថ្ងៃសុក្រសប្ដាហ៍កន្លងទៅ។ Aston Martin បានឲ្យដឹងថាក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំ ២០២០ នេះ ក្រុមហ៊ុនបានខាតបង់ទឹកប្រាក់ប្រមាណ ១៤៤លានដុល្លារ ដោយសារជំងឺកូវីដ១៩៕