Chery Omoda C9 ប្រកាសដាក់បង្ហាញនៅម៉ាឡេសុី ទទួលជម្រើសម៉ាសុីនចំនួន២ ត្រៀមចេញលក់នៅចុងឆ្នាំនេះ

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការប្រកាសគ្រោងដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Chery Omoda C9 ក្នុងទីផ្សារប្រទេសម៉ាឡេសុី ខណៈតម្លៃលក់ខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។

រថយន្ត Chery Omoda C9 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង M3X platform មានប្រវែងតួខ្លួនសរុប ៤ ៧៧៥ ម.ម ទទឹង ១ ៩២០ ម.ម កម្ពស់ ១ ៦៧១ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨០០០ ម.ម ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាសុីនសុាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ២៦១ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ dual-clutch transmission (DCT) ចំនួន ៧វគ្គ និងប្រព័ន្ធបើកបរប៉ុង១ FWD។
  • ម៉ាសុីនកូនកាត់ plug-in hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥លីត្រ turbocharged ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងសរុបបាន ៦១៩ សេះ និងកម្លាំងរមួល ៩២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ dedicated hybrid transmission (DHT) ចំនួន ៣វគ្គ និងជម្រើសប្រព័ន្ធបើកបរប៉ុង១ FWD និងប៉ុង២ AWD។

សម្រាប់ការរចនាផ្នែកខាងក្រៅ រថយន្តនេះ ភ្ជាប់មកជាមួយប៉ាណាទំហំធំគ្មានស៊ុន ក៏ដូចជា ចង្កៀងមុខ-ក្រោយ LED ដែលបើក និងបិទដោយស្វ័យប្រវត្តិ ថាសកង់ស្ព័រទំហំ ១៨អ៊ីញ ទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី និងដៃទ្វារអគ្គិសនីជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដោយអេក្រង់ភ្លោះទំហំធំរួមបញ្ជូលគ្នារវាងអេក្រង់កុងទ័រព៌ត័មានឌីជីថលនិងអេក្រង់កម្សាន្ត touchscreen អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto រួមទាំងឧបករណ៍បំពងសម្លេងកន្លែងសាកថ្មឥតខ្សែ ដំបូលកញ្ចក់ Panoramic Sunroof អំពូលបំភ្លឺ និងប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម