Chery Tiggo 7 Pro ស៊េរីថ្មីចុងក្រោយ ចេញលក់នៅប្រទេសអូស្ត្រាលីជាមួយតម្លៃអត់ដល់ ៣ មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery របស់ប្រទេសចិន ប្រចាំនៅប្រទេសអូស្ត្រាលី បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Tiggo 7 pro ស៊េរីថ្មីចុងក្រោយ មាន ៣ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ២៥ ៧៩០ ដុល្លារ ដល់ ២៩ ៦៦០ ដុល្លារ នៅក្នុងទីផ្សារមួយនេះ ។

រថយន្ត Tiggo 7 Pro ជារថយន្តដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលរួមបញ្ចូលគ្នានៅការឌីស្សាញរ និងសុវត្ថិភាព មានប្រវែងតួខ្លួនសរុប ៤ ៥១៣ ម.ម ទទឹង ១ ៨៦២ ម.ម កំពស់ ១ ៦៩៦ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៧០ ម.ម ។ សម្រាប់ការចនានៅផ្នែកខាងក្រៅ បំពាក់ប៉ាណាមួយផ្ទាំងធំ ជាប់សងខាងដោយចង្កៀងមុខ LED ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៉ីញ និងចង្កៀងក្រោយ LED រចនាជាខ្សែបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងរបស់ SUV ៥ កៅអី នេះ មានបំពាក់អេក្រង់អេក្រង់ភ្លោះទំហំ ១២,៣ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto និងកៅអីស្រោបដោយស្បែកមានមុខងារខ្យល់-កំដៅសម្រាប់នៅផ្នែកខាងមុខ។ លក្ខណៈពិសេសផ្សេងទៀតរួមមាន កន្លែងសាកថ្មឥតប្រើខ្សែ ភ្លើងលម្អ ដំបូលកញ្ចក់ panoramic sunroof ឧបករណ៍បំពងសំលេងម៉ាក Sony ៨ ចំនុច និងកាម៉េរា ៣៦០ ដឺក្រេផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ គ្រប់ម៉ូដែលទាំងអស់ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbocharged អាចផលិតកម្លាំងបាន ១៨៣ សេះ និងកម្លាំងរមួល ២៧៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គប្រភេទ Dual-clutch និងមានជម្រើសប៉ុង ១ និងប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម