![1-31-800x504](https://camboauto.com/wp-content/uploads/2025/02/1-31-800x504-1-696x438.jpg)
ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនូវរូបភាពរបស់រថយន្ត Chery Exeed Exlantix ES ប្រភេទ EREV ហើយគ្រោងចេញលក់ជាផ្លូវការនៅក្នុងខែមិនាខាងមុខនេះ ជាមួយតម្លៃប្រហាក់ប្រហែលនឹងប្រភេទអគ្គិសនីដែល ពោលគឺអាចនឹងមានតម្លៃលក់ចាប់ពីខ្ទង់ ២ មុឺនដុល្លារ ដល់ ៤មុឺនដុល្លារ សម្រាប់ទីផ្សារប្រទេសចិន។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៤៥ ម.ម ទទឹង ១ ៩៧៨ ម.ម កម្ពស់ ១ ៤៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅទទួលបានពណ៌តួខ្លួនថ្មី Aurora Purple និងមានការរចនាជាមួយប៉ាណាផ្នែកខាងមុខបិទជិត បំពាក់ជាមួយចង្កៀងមុខ-ក្រោយ ប្រភេទ LED ដ៏ស្លីម អូសកាត់ពីតភ្ជាប់ផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៩ ដល់ ២១ អ៊ីញ៕
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាសុីនសាំងចំណុះ ១,៥លីត្រ ទំហំ ១៥៤សេះ ជាមួយនឹងម៉ូទ័រអគ្គិសនី ១ ផ្គួបជាមួយជម្រើសអាគុយទំហំ ៣៣,៦ និង ៣៩,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០៥ គីឡូម៉ែត្រ ពេលសាកថ្មពេញម្តង និងចម្ងាយសរុប ១ ៦៤៥ គីឡូម៉ែត្រ គាំទ្រការសាកថ្មល្បឿនលឿនអាចសាកឡើងពី ២០ ទៅ ៨០ ភាគរយ ចំណាយពេល ១៨ នាទី ប៉ុណ្ណោះ។
![](https://camboauto.com/wp-content/uploads/2025/02/1000015346-800x569-1.jpg)
ចំពោះនៅផ្នែកខាងក្នុងវិញ អាចនឹងទទួលបានដូចគ្នានឹងប្រភេទអគ្គិសនីដែល ជាមួយអេក្រង់ LCD ទំហំ ៨,២ អ៊ីញ អេក្រង់កម្សាន្តទំហំ ១៥,៦ អ៊ីញ អេក្រង់លើកញ្ជក់ ប្រព័ន្ធសម្លេងចំនួន ២៣ គ្រាប់ កន្លែងសាកថ្មឥតខ្សែចំនួន ២ ក៏ដូចជាប្រព័ន្ធសុវត្ថិភាពមួយចំនួនទៀតផងដែររួមមាន កាម៉េរ៉ា ៣៦០ ដឺក្រេ ពោងសុវត្ថិភាពចំនួន ៧ ចំនុច និងប្រព័ន្ធរ៉ាដា ជាដើម៕