
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកគឺ Chevrolet បានប្រឈមនឹងការលក់ធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទីផ្សារធំបំផុតរបស់ខ្លួននៅក្នុងតំបន់អាស៊ី គឺប្រទេសចិន។
បើយោងតាម China EV DataTracker បានឲដឹងថា ការលក់រថយន្តរបស់ Chevrolet បានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេល ៦ឆ្នាំ ចុងក្រោយនេះ ដោយនៅក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុនមួយនេះលក់រថយន្តបានជាង ៦៤ម៉ឺនគ្រឿង នៅក្នុងទីផ្សារចិន ប៉ុន្តែដល់ឆ្នាំ ២០២៣ វិញ គឺបានធ្លាក់ចុះមកត្រឹមតែ ១៦៨ ៥៨៨ គ្រឿង ប៉ុណ្ណោះ ខណៈនៅក្នុងរយៈពេល ៤ខែ ដំបូង ក្នុងឆ្នាំ២០២៥ នេះវិញ គឺលក់បានត្រឹមតែ ៥ ៣១៤ គ្រឿង ប៉ុណ្ណោះ ពោលគឺធ្លាក់ចុះរហូតដល់ ៧៥,៩% ឯណ្ណោះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំមុន។
ចំពោះមូលហេតុសំខាន់មួយនៃការធ្លាក់ចុះនេះ គឺដោយសារតែការមិនទាន់សម្របខ្លួនបានទៅនឹងទីផ្សាររថយន្តអគ្គិសនី (EV) ដែលកំពុងទទួលបានការពេញនិយមខ្លាំងនៅចិន ពោលគឺក្រុមហ៊ុនមួយនេះនៅតែពឹងផ្អែកលើការលក់រថយន្តដែលប្រើម៉ាស៊ីនចំហេះក្នុងជាចម្បងដដែល។
គួរបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Chevrolet មានលក់រថយន្តអគ្គិសនីរបស់ខ្លួនចំនួនតែ ៣ម៉ូឌែល ប៉ុណ្ណោះ នៅក្នុងទីផ្សារចិន រួមមាន Chevrolet Menlo EV, Chevrolet Equinox EV និង Chevrolet Silverado EV ៕