ឡានភីកអាប់ខ្នាតតូច Chevrolet សេរ៊ីថ្មី តម្លៃមិនដល់ ៣ម៉ឺនដុល្លារ

ក្រុមហ៊ុន Chevrolet បានធ្វើការបង្ហាញនូវរថយន្តភីកអាប់ខ្នាតតូច Montana សេរ៊ីឆ្នាំ២០២៣ ជាផ្លូវការ ជាមួយការនាំមកនូវការអភិវឌ្ឍន៍អោយកាន់តែប្រសើរឡើងទាំងផាសុកភាព និងភាពសន្សំសំចៃ។

សម្រាប់រថយន្ត Montana សេរ៊ីឆ្នាំ២០២៣ ទទួលបានតែជម្រើសម៉ាស៊ីនមួយជម្រើសប៉ុណ្ណោះគឺម៉ាស៊ីនTurbo Flex ១,២លីត្រ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ១៣៥PS និងកម្លាំងរមួល ២១០ញ៉ូតុនម៉ែត្រ។ លើសពីនេះរថយន្តនេះមានកម្រិតស៊ីប្រេងត្រឹម ៧,៥លីត្រផ្លូវក្រៅក្រុង និង ៩លីត្រនៅផ្លូវក្នុងក្រុង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet និយាយថា Montana ថ្មីគឺលើសពីរថយន្តដឹកទំនិញ ដោយបានអះអាងថាវាជា “រថយន្ត SUV ដែលអ្នកត្រូវការ ជារថយន្តភីកអាប់ដែលអ្នកសុបិនចង់បាន” ។ បន្ថែមពីនេះ​រថយន្តនេះក៏មានប្រវែងវែងជាមុន ដោយមានប្រវែងសរុប ៤,៥ម៉ែត្រ និងទទឹង ១,៨ម៉ែត្រ ដែលជួយផ្តល់នូវកន្លែងទូលាយបំផុតសម្រាប់អ្នកដំណើរជួរទីពីរ។

បន្ថែមពីនេះ រថយន្តក៏ទទួលបាននូវ ពោងសុវត្ថិភាពចំនួន ៦ចំណុច, ប្រព័ន្ធផ្តល់ដំណឹងផ្នែកជំហៀង Blind Spot Alert, ចង្កៀងមុខប្រភេទ LED, ប្រព័ន្ធម៉ាស៊ីនត្រជាក់ប្រភេទឌីជីថល, សេនស័រជំនួយចូលចត, កាំម៉េរាមើលក្រោយ, ប៊ូតុងបញ្ឆេះ-ពន្លត់ម៉ាស៊ីន, កន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធកម្មវិធី Apple Carplay និង Android Auto។

ជាក់ស្តែងសម្រាប់រថយន្តភីកអាប់ខ្នាតតូចនេះត្រូវបានផលិតឡើងដោយបានចែករំលែកនូវតួរគ្រោងជាមួយរថយន្ត Onix, Onix Plus និង Tracker ហើយមានតម្លៃចាប់ពី ២៥ ៨៩៥ដុល្លារ នៅលើទីផ្សារប្រទេសប្រេស៊ីល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម