កាសែតអាមេរិក U.S. News បានបោះឆ្នោតឲ្យរថយន្ត Chevrolet Bolt EV ឈ្នះពានរង្វាន់ “រថយន្តអគ្គិសនីល្អបំផុត” ប្រចាំឆ្នាំ២០២១ ដោយយកឈ្នះលើ Tesla Model 3 និង Model Y ទៀតផង។
មូលហេតុដែលកាសែតខាងលើបានផ្តល់ពានរង្វាន់នេះដល់ Bolt EV ក៏ដោយសារតែ វាជាជម្រើសល្អបំផុត នៅពេលដែលអ្នកគិតពិចារណាលើកត្តាមួយចំនួន ដូចជា គុណភាព តម្លៃ និងប្រសិទ្ធភាព។
Bolt EV ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជា រថយន្តដែលមានការឌីហ្សាញបែបខ្នាតតូច និងងាយស្រួលប្រើប្រាស់។ ក្នុងនាមជារថយន្តអគ្គិសនី វាពិតជាផ្តល់នូវកម្លាំងបង្វិលជុំ និងបង្កើនល្បឿនយ៉ាងរហ័ស។ មាឌតូចអនុញ្ញាតឲ្យវាមានភាពងាយស្រួលបើកបរក្នុងទីក្រុង។ លើសពីនេះទៅទៀត វាផ្តល់ចម្ងាយបើកបរដល់ ២៥៩ ម៉ាយ៍ (៤១៧គីឡូម៉ែត្រ) ដែលធ្វើឲ្យចៅក្រមមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ដោយឡែក រថយន្ត Tesla ជាពិសេសគឺ Model 3 និង Model Y បានផ្តល់នូវចម្ងាយបើកបរប្រសើរជាង ប៉ុន្តែរថយន្តទាំងពីរនេះមានតម្លៃជាង ៥ ម៉ឺនដុល្លារឯណោះ ខណៈពេលដែលរថយន្ត Chevrolet Bolt EV មានតម្លៃត្រឹមតែ ៣៦ ៥០០ ដុល្លារប៉ុណ្ណោះ៕