កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនរថយន្តអាមេរិក Chevrolet បានបញ្ចេញរថយន្ត Sedan លក្ខណៈគ្រួសារម៉ូដែល Malibu RS ស៊េរីឆ្នាំ ២០១៩ ដែលមានរូបរាងស្អាតខ្លាំងគួរឱ្យទាក់ទាញ។
Malibu RS ថ្មី មានតម្លៃចាប់ពី ២៤ ៩៩៥ ដុល្លារនៅលើទីផ្សារសហរដ្ឋអាមេរិក ដោយថ្លៃជាងម៉ូដែល Malibu LS ដែលមានតម្លៃត្រឹម ២៣ ៩៩៥ ដុល្លារ។ តម្លៃខុសគ្នាត្រឹម ១ ០០០ ដុល្លារ ប៉ុន្តែម៉ូដែល RS ទទួលបានលក្ខណៈពិសេសជាច្រើន ដូចជា យ៉ាន់ទំហំ ១៨ អ៊ីង , ប៉ាណាខាងមុខពណ៌ខ្មៅ , កន្ទុយត្រីកាត់ខ្យល់ខាងក្រោយ , ឡូហ្គូពណ៌ខ្មៅ និង បំពង់ស៊ីម៉ាំង ២។
មិនតែប៉ុណ្ណោះ ផ្នែកខាងក្នុងរបស់វា បំពាក់ទៅដោយដៃចង្កូតស្រោបស្បែក , កៅអីក្រណាត់ពណ៌ខ្មៅ និង អេក្រង់កម្សាន្ត-ព័ត៌មានទំហំ ៨ អ៊ីង ប្រភេទ Touchscreen ផងដែរ។ យ៉ាងណាក៏ដោយ Malibu RS មិនខុសពី Malibu L និង Malibu LS ឡើយ ដោយប្រើម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង មានកម្លាំង ១៦៣ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ប្រភេទ CVT ថ្មី។
នៅលើទីផ្សារសហរដ្ឋអាមេរិក រថយន្តប្រភេទ Sedan ខ្នាតកណ្តាល Chevrolet Malibu RS នេះ គឺជាគូប្រជែងរបស់ Toyota Camry S ដែលមានតម្លៃចាប់ពី ២៦ ២៧០ ដុល្លារ , Honda Accord Sport ដែលមានតម្លៃចាប់ពី ២៦ ៦៧៥ ដុល្លារ និង Mazda6 Sport ដែលមានតម្លៃចាប់ពី ២៣ ៨៩៥ ដុល្លារ៕