[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការកែមុខមាត់ថ្មីទៅលើរថយន្ត Chevrolet Trailblazer ម៉ូដែលឆ្នាំ ២០២៤ ដែលទទួលបានការរចនាថ្មីនៅផ្នែកខាងក្រៅ នឹងផ្នែកខាងក្នុងមួយចំនួនផងដែរ។
សម្រាប់ផ្លាស់ប្តូរផ្នែកខាងក្រៅ រថយន្ត Trailblazer ថ្មីមានភាពលេចធ្លោជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃរាងស្លីម និងផ្នែកខាងមុខកាន់តែស្វាហាប់ជាងមុន ប៉ាណាមុខនៅតែត្រូវបានប្រើប្រាស់ការរចនាដដែល ប៉ុន្តែឡូហ្គោបានផ្លាស់ប្តូរទៅលើរបារអូសកាត់ផ្នែកខាងមុខផងដែរ។ លើសពីនេះ ក្រុមហ៊ុន Chevrolet ក៏បានបង្ហាញនៅការរចនាថាសកង់ថ្មី នៅលើត្រកូល Trailblazer ទាំងអស់ រួមទាំងសំណុំនៃថាសកង់ទំហំ ១៩ អ៊ីញសម្រាប់ម៉ូដែល RS ផងដែរ។ បន្ថែមពីនេះ ពណ៌ថ្មីចំនួន ២ ក៏បានដាក់ចូលទៅក្នុងកាតាឡុកផងដែរ ទាំងនោះគឺ Copper harbor Metallic និង Cacti Green ។
ផ្នែកខាងក្នុងក៏ទទួលបានការអាប់ដេតធំៗមួយចំនួនផងដែរ អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះ Chevy បានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១១ អ៊ីញថ្មី និងកុងទ័រព័ត៌មានឌីជីថលទំហំ ៨ អ៊ីញ ទំហំធំជាងជម្រើសដ៏ល្អបំផុតកាលពីឆ្នាំមុនដែលមានប្រព័ន្ធព័ត៌មានកម្សាន្តទំហំ ៨ អ៊ីញ។ ជាមួយគ្នានេះ Chevy បានផ្លាស់ប្តូរទីតាំងរន្ធម៉ាស៊ីនត្រជាក់ពីលើមកខាងក្រោមវិញ។
រថយន្តនេះ នៅតែប្រើប្រាស់ជាមួយម៉ាស៊ីនចំណុះ ១,២ លីត្រ មានកម្លាំង ១៣៧ សេះ និងម៉ាស៊ីនចំណុះ ១,៣ លីត្រ ផលិតកម្លាំងបាន ១៥៥ សេះ ប្រភេទបើកបរប៉ុង ១ ជាស្តង់ដារ នឹងមានជម្រើសប៉ុង ២ ផងដែរ ប្រើប្រអប់លេខស្វ័យប្រវត្តិ ៩ វគ្គ ។ ក្រៅពីការផ្លាស់ប្តូរដែលបានរៀបរាប់ខាងលើ Trailblazer ភាគច្រើនដូចគ្នាសម្រាប់ម៉ូដែលឆ្នាំ ២០២៤ ៕