Chevrolet Trax ២០២៤ រូបរាងកាន់តែស្ព័រ ទំនើបជាងមុន តម្លៃខ្ទង់ ២មុឺនដុល្លារ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Chevrolet Trax ស៊េរីឆ្នាំ ២០២៤ ដោយមាន ៥ ម៉ូដែលដូចជា LS, 1RS, LT, 2RS និង Activ ជាមួយនឹងតម្លៃលក់ចាប់ពី ២១ ៤៩៥ ដុល្លារ ដល់ ២៤ ៩៩៥ ដុល្លារ ហើយនឹងចេញលក់នៅនិទាឃរដូវ ២០២៣ នៅក្នុងសហរដ្ឋអាមេរិក។

រថយន្ត Chevrolet Trax ស៊េរីថ្មីនេះ ទទួលយកការរចនាបែបស្ព័រ និងទំនើបជាងមុន ដែលទាក់ទាញការបំផុសគំនិតពី Blazer ដោយមានប៉ាណាមុខរចនាឲ្យឈ្មោះថា trapezoidal grille design ជាប់ដោយអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED ដែលមានទីតាំងនៅពីលើចង្កៀងបំភ្លឺផ្លូវ និងឡូហ្គោ Chevy ពណ៌ខ្មៅជាដើម។ ចំណុចលេចធ្លោផ្សេងទៀតរួមមាន បំពង់ស៊ីមាំងលាក់, ចង្កៀងខាងក្រោយរាងអក្សរ C, ​កញ្ចក់​ខាង​ក្រោយ​រាង​ជ្រុង, ថាសកង់អាលុយមីញ៉ូមទំហំ ១៧-១៩ អ៊ីញពណ៌ខ្មៅ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងកាប៊ីនមានភាពធំទូលាយជាងមុន និងមានបំពាក់ដោយកុងទ័រព័ត៌មានឌីជីថលទំហំ ៨ អ៊ីញ និងអេក្រង់កំសាន្តប្រភេទ diagonal touchscreen ទំហំ ៨,០ អ៊ីញ ដល់ ១១ អ៊ីញ ភ្ជាប់មុខងារ Android Auto និង Apple CarPlay, ដៃចង្កូតប្រភេទ flat-bottom steering wheel, កៅអីមុខងារកម្តៅ-ត្រជាក់, កន្លែងសាកថ្មឥតខ្សែ, ការបញ្ឆេះរថយន្តពីចម្ងាយតាមរយៈសោរ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ និងមានប្រព័ន្ធជំនួយសំលេងរំខាននៅលើគ្រប់ម៉ូដែលទាំងអស់ផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Chevrolet Trax ស៊េរីឆ្នាំ ២០២៤ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ turbocharged ទំហំ ៣ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៣៧ សេះ និងកម្លាំងរមួល ២២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ​ ៦ វគ្គ ប៉ុង ១ វិលកង់មុខ។

ទាក់ទងនឹងផ្នែកប្រព័ន្ធសុវត្ថភាព រថយន្តនេះបំពាក់ដោយប្រព័ន្ធ Chevy Safety Assist ជាមួយនឹងបច្ចេកវិជ្ជាសុវត្ថិភាពកម្រិតខ្ពស់ គ្រប់ម៉ូដែលទាំងអស់មានប្រព័ន្ធជំនួយការចូលចត, ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព, ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គនៅពីខាងមុខ ក៏មានបន្ថែមនៅប្រព័ន្ធកំណត់ល្បឿន (Adaptive cruise control) និងប្រព័ន្ធជាច្រើនទៀតត្រូវបានភ្ជាប់មកជាមួយផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម