Chevrolet បញ្ចុះតម្លៃឡានអគ្គិសនី Bolt EV និង Bolt EUV ២០២៣ ជាង ៦ពាន់ដុល្លារ

ក្រុមហ៊ុន Chevrolet បានបញ្ចុះតម្លៃលើរថយន្តអគ្គីសនី Bolt EV និង Bolt EUV ស៊េរីឆ្នាំ២០២៣ របស់ខ្លួន ស្របពេលដែលរថយន្តអគ្គិសនីថ្មីៗជាច្រើនកំពុងតែឡើងថ្លៃ។

រថយន្ត Chevrolet Bolt EV ឆ្នាំ២០២៣ នៅពេលនេះត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២៦ ៥៩៥ដុល្លារ ពោលគឺថោកជាងតម្លៃដើម ៥ ៩០០ដុល្លារ ខណៈម៉ូដែល Bolt EUV បញ្ចុះតម្លៃ ៦ ៣០០ដុល្លារ នៅសល់ត្រឹម ២៨ ១៩៥ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះរថយន្ត Bolt EV ចែកចេញជា ២ ម៉ូដែល គឺ Bolt EV 1LT និង Bolt EV 2LT ខណៈម៉ូដែល Bolt EUV មាន LT និង Premier។

ពាក់ព័ន្ធជាមួយនឹងការបញ្ចុះតម្លៃនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន General Motors បាននិយាយថា ក្រុមហ៊ុនកំពុងតែចង់ធ្វើឲ្យរថយន្ត Bolt EV និង Bolt EUV កាន់តែប្រកួតប្រជែងខ្លាំងនៅលើទីផ្សាររថយន្ត ហើយតម្លៃសមរម្យគឺអទិភាពមួយរបស់វា។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានការផ្លាស់ប្តូរលើផ្នែកដំណើរការវាឡើយ ដោយ Bolt EV និង Bolt EUV ២០២៣ មានបំពាក់ម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ២០០សេះ ហើយអាចបើកបរបានចម្ងាយ ៤១៧គីឡូម៉ែត្រ និង ៣៩៧គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម