Chrysler នឹងផលិតតែឡានអគ្គិសនីសុទ្ធ នៅឆ្នាំ ២០២៨

[បរទេស] ក្រុមហ៊ុនផលិតរថយន្តម៉ាក Chrysler របស់ក្រុមហ៊ុន Stellantis បាននិយាយកាលពីថ្ងៃពុធថា ខ្លួនគ្រោងនឹងផ្លាស់ប្តូរទៅជាក្រុមហ៊ុនផលិតរថយន្តអគ្គីសនីសុទ្ធ នៅឆ្នាំ ២០២៨ ហើយដាក់បង្ហាញផលិតផលថ្មីៗ រួមទាំង រថយន្តប្រភេទ utility vehicle ផងដែរ។

លោក Chris Feuell នាយកប្រតិបត្តិក្រុមហ៊ុន Chrysler បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ក្រុមហ៊ុនគ្រោងនឹងបង្ហាញគំរូរថយន្ត Airflow នៅឯពិព័រណ៍អេឡិចត្រូនិក Consumer Electronics Show (CES) ក្នុងទីក្រុង Las Vegas ដោយបង្ហាញនូវទិសដៅនៃការរចនាថ្មីរបស់ម៉ាកយីហោ Chrysler ខណៈដែលវាកំពុងតែធ្វើយ៉ាងណាឲ្យការលក់ងើបឡើងវិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ លោក Feuell បានបញ្ជាក់ថា Chrysler នឹងបញ្ចេញរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន នៅក្នុងឆ្នាំ២០២៥ ហើយបន្ថែមរថយន្តអគ្គិសនីជាច្រើនម៉ូដែលទៀត នៅពេលដែលវាងាកចេញពីម៉ាស៊ីនប្រើប្រេងសាំង។

លោក Feuell បាននិយាយថា “យើងកំពុងផ្លាស់ប្តូរទាំងស្រុងសម្រាប់ Chrysler ចន្លោះឆ្នាំ ២០២៥ និង ២០២៨”។

គួររំលឹកឲ្យដឹងដែរថា ក្រុមហ៊ុន Stellantis បាននិយាយកាលពីខែកក្កដាឆ្នាំមុនថា ខ្លួនគ្រោងនឹងវិនិយោគច្រើនជាង ៣៣,៨៧ ពាន់លានដុល្លារ រហូតដល់ឆ្នាំ ២០២៥ ចំពោះការផលិតរថយន្តអគ្គិសនីរបស់ខ្លួន។ ក្នុងនោះ Alfa Romeo គ្រោង​នឹង​ក្លាយ​ជា​ម៉ាករបស់ Stellantis ដំបូង​គេ​នៅ​អាមេរិក​ខាង​ជើង ដែល​នឹង​ក្លាយខ្លួនជាម៉ាករថយន្ត​អគ្គិសនី​សុទ្ធ ក្នុង​ឆ្នាំ ២០២៧៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម