Corolla Cross បង្ហាញវត្តមានជាផ្លូវការលើទឹកដីអាមេរិក

រថយន្ត Corolla Cross ដែលជា SUV ខ្នាតតូចដ៏ពេញនិយមថ្មីរបស់ Toyota បានបង្ហាញវត្តមានជាផ្លូវការសម្រាប់ទីផ្សារសហរដ្ឋអាមេរិក ក្រោយពីបានចេញលក់នៅលើទីផ្សារមួយចំនួនរួចមក។

រថយន្ត Corolla Cross សម្រាប់លក់នៅអាមេរិកនេះមានបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ ដែលអាចផលិតកម្លាំងបាន ១៦៩សេះ ហើយវាមានជម្រើសប្រើប្រាស់ប្រព័ន្ធបើកបរវិលកង់មុខ ឬប្រព័ន្ធបើកបរវិលកង់ទាំងបួន។ ក្រុមហ៊ុន Toyota ក៏បានឲ្យតម្រុយផងដែរថា Corolla Cross ប្រភេទ Hybrid នឹងបង្ហាញវត្តមាននៅឆ្នាំក្រោយនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អតិថិជនៅអាមេរិកអាចមានជម្រើសជ្រើសរើសប្រភេទចំនួនបីគឺមាន L, LE និង XLE ដែលប្រភេទនីមួយៗមានមុខងារមួយចំនួនខុសគ្នា។ មុខងារ Apple CarPlay និង Android Auto នឹងមានមកស្រាប់នៅលើប្រភេទទាំងបី ប៉ុន្តែនឹងត្រូវបន្ថែមលុយប្រសិនបើចង់បានអេក្រង់ Touch ទំហំ ៨,០អ៊ីញ និងកុងទ័រឌីជីថលទំហំ ៧,០អ៊ីញ។

រថយន្ត Corolla Cross ទាំងបីប្រភេទក៏មានមកជាមួយនូវមុខងារ Toyota Safety Sense ដូចគ្នាផងដែរ ដោយមុខងារ Blind-Spot Monitoring និងមុខងារ Rear Cross-Traffic មានមកស្រាប់ប្រភេទប្រភេទ LE និង XLE។

ចំពោះតម្លៃរបស់ Corolla Cross នៅមិនទាន់មានការប្រកាសពី Toyota នៅឡើយទេ ប៉ុន្តែរំពឹងថានឹងមានតម្លៃក្រោម ២ម៉ឺនដុល្លារសម្រាប់ប្រភេទ L៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម