Cute ណាស់! រថយន្តអគ្គិសនី ORA Ballet Cat ២០២២​ មានតម្លៃជាង ២ ម៉ឺនដុល្លារ ក្នុងទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor Group បានធ្វើការដាក់បញ្ចេញនៅរថយន្តអគ្គិសនី ORA Ballet Cat ដែលមានរូបរាងស្រដៀងគ្នាទៅនឹងម៉ូដែល Volkswagen Beetle ហើយក៏ជាកូនភ្លោះរបស់ ORA Punk Cat ផងដែរ។

ក្នុងនោះដែរ Ballet Cat ផ្តោតលើអតិថិជនជាមនុស្សស្រីកាន់តែច្រើន ដោយរថយន្តនេះមានតួប្រវែងសរុប ៤,៤០១ ម.ម, ទទឹង ១,៨៨០ ម.ម, កម្ពស់ ១,៦៣៣ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ​ ២,៧៥០ ម.ម។ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អាច​រក​ទិញ​បាន​នៅ​ត្រីមាស​ទី​មួយ​ក្នុង​ឆ្នាំ២០២២នេះ ដែលមានតម្លៃ ២០ ៤៩៥ ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើមើលតាមរូបភាព ORA Ballet Cat បានភ្ជាប់មកជាមួយរចនាប័ទ្ម តួ មានទ្វារ៥ ជាមួយ retro style។ ដោយ​ការ​រចនា​កាង​ខាងមុខ និង​ខាងក្រោយ​​ស្រដៀង​ទៅនឹង​កាង​ដែក​របស់ VW Beetle ជំនាន់​ដើម ដោយ​បាន​បន្ថែម​ជាមួយនឹង​ការ​តុបតែង​ដោយ​ក្រូម៉េ​ជុំវិញ​រថយន្ត​។

ខណៈរថយន្តនេះបំពាក់ជាមួយថាសកង់ស្ព័រទំហំ ១៨ អ៊ីញ ប៉ុន្តែ ORA Ballet Cat ប្រើប្រាស់សំបកកង់រថយន្ត Goodyear Efficient Grip Performance SUV ជំនួសឱ្យសំបកកង់រថយន្តធម្មតា។ ខណៈរថយន្តនេះមានទម្ងន់ ១,៧៨០ គីឡូក្រាម។

ចូលទៅកាន់ផ្នែកម៉ាស៊ីន ORA Ballet Cat មានម៉ូទ័រអគ្កិសនីដែលផលិតកម្លាំងបាន ១៧១ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ម៉ូទ័រអេឡិចត្រិចត្រូវបានដំឡើងនៅខាងមុខរថយន្ត ដោយភ្ជាប់មកជាមួយអាគុយ ៦០,៥ គីឡូវ៉ាត់ ។ ដែលអាចបើកបរបានប្រហែល ៥០០ គីឡូម៉ែត្រក្នុងការសាកម្តង យោងតាមការធ្វើតេស្តស្តង់ដារ CLTC របស់ចិន ជាមួយនឹងអាគុយតូចជាងមុនផ្តល់ជូនចម្ងាយបើកបរ ៣០៨ គីឡូម៉ែត្រ និង ៤០១ គីឡូម៉ែត្រជាជម្រើសមួយផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម