ក្រុមហ៊ុន Lunaz ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនកែច្នៃរថយន្តបែបបុរាណ ទៅជារថយន្តអគ្គិសនី ទើបតែបានប្រកាសទទួលការវិនិយោគថ្មីពីកីឡាករ David Beckham ។
ព័ត៌មានលម្អិតអំពីទឹកប្រាក់ដែលបានចំណាយដោយអតីតតារាបាល់ទាត់អង់គ្លេសរូបនេះគឺមិនត្រូវបានបង្ហើបឱ្យដឹងនោះទេ។ ប៉ុន្តែព័ត៌មានតែមួយគត់គឺថា David Beckham នឹងកាន់កាប់ភាគហ៊ុន ១០% នៅក្នុងក្រុមហ៊ុន Lunaz រួមជាមួយម្ចាស់ភាគហ៊ុនសំខាន់ៗដទៃទៀតគឺ Rueben និង Barclay ។
នេះគឺជាផ្នែកមួយនៃផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញសម្រាប់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Silverstone នេះ។ ដូចនេះ Lunaz Group ថ្មីនឹងត្រូវបានបង្កើតឡើងដោយមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៣ ប្រតិបត្តិការនៅក្នុងវិស័យរថយន្តនិងយានយន្តដឹកជញ្ជូន។ ដោយបុត្រសម្ព័ន្ធទាំង ៣នេះរួមមាន Lunaz Design, Lunaz Applied Technologies និង Lunaz Powertrain។
ចំណែកលោក David Beckham ក្រៅពីជាម្ចាស់ក្រុម Inter Miami នៅសហរដ្ឋអាមេរិក លោកក៏បើកហាងលក់សំលៀកបំពាក់ផងដែរ។ ការវិនិយោគនៅក្នុងក្រុមហ៊ុន Lunazគឺជាលើកដំបូងដែល Beckham ចូលរួមក្នុងវិស័យរថយន្តប្រភេទប្រើប្រាស់ប្រេងធម្មតា និងជាពិសេសឡានអគ្គិសនី។ គួរបញ្ជាក់ផងដែរថា កាលពីមុនអតីតកីឡាកររូបនេះបានក្លាយជាឯកអគ្គរដ្ឋទូតរបស់រថយន្ត Maserati កាលពីខែមេសាផងដែរ៕