ខណៈដែលកម្ពុជា កំពុងទទួលបានការវិនិយោគលើការបង្កើតរោងចក្រដំឡើងរថយន្តជាបន្តបន្ទាប់មក នាពេលអនាគតកម្ពុជាក៏នឹងអាចក្លាយជាជាទីតាំងផលិតរថយន្ត Hybrid និងមជ្ឈមណ្ឌលគ្រឿងបង្គុំ រថយន្តចំហេះក្នុងសម្រាប់តំបន់អាស៊ានផងដែរ។

លោក Masao Suematsu អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន Denso International Asia បានថ្លែងក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ថា រោងចក្រគ្រឿងបង្គុំរថយន្តចំហេះក្នុង នឹងលេចឡើងកាន់តែច្រើនក្នុងតំបន់អាស៊ាន និងប្រទេសឥណ្ឌា។ សម្រាប់តំបន់អាស៊ាន ប្រទេសថៃ ត្រូវបានមើលឃើញថា ជាជម្រើសដ៏ល្អបំផុតសម្រាប់ទីតាំងផលិតគ្រឿងបង្គុំនេះ ប៉ុន្តែថៃ ក៏ត្រូវជំរុញរថយន្តអគ្គិសនីដែរ ដូច្នេះការពង្រីករថយន្តចំហេះក្នុងគឺមានដែនកំណត់។ ម្យ៉ាងទៀត ប្រជាជនថៃក្មេងៗ ក៏កំពុងងាកចេញពីឧស្សាហកម្មផលិតផងដែរ។

ដូច្នេះហើយ ទើបលោកបង្ហាញការជឿជាក់ថា កម្ពុជា នឹងក្លាយជាទីតាំងដ៏ល្អឥតខ្ចោះ សម្រាប់ការផលិតគ្រឿងបង្គុំរថយន្តចំហេះក្នុង។ កម្ពុជា ស្ថិតនៅចន្លោះកណ្តាលនៃប្រទេសថៃ និងវៀតណាម ដែលជាប្រទេសមានទីផ្សាររថយន្តខ្ពស់នៅក្នុងតំបន់។

លោកបញ្ជាក់ទៀតថា រថយន្តចំហេះក្នុងត្រូវបានបំពាក់បច្ចេវិទ្យា Hybrid ដែលកំពុងពង្រីក ហើយកម្ពុជាក៏នឹងអាចក្លាយជាទីតាំងនៃរថយន្ត Hybrid នេះផងដែរ។
Denso បានចាប់ផ្តើមប្រតិបត្តិការផលិតកម្មនៅកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៣មក ដោយបានរកឃើញថា ប្រជាជនកម្ពុជា មានកិច្ចសហការ និងការងារជាក្រុមល្អ ព្រមទាំងមានការតាំងចិត្ត និងអត់ធ្មត់ខ្ពស់ក្នុងការធ្វើការងារ។ ហើយសម្រាប់ការផលិតគ្រឿងបង្គុំរថយន្ត គឺមិនត្រូវការប្រតិបត្តិការទ្រង់ទ្រាយធំនោះទេ ដោយសមស្របសម្រាប់ប្រជាជនកម្ពុជាតែម្តង៕














