
ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ BYD Denza N7 សេរ៊ីឆ្នាំ២០២៥ ផ្តល់ជូននូវជម្រើសចំនួន ៣ ជាមួយតម្លៃលក់ចាប់ពី ៣៦ ០០០ ដុល្លារ ដល់ ៤០ ០០០ ដុល្លារ នៅក្នុុងទីផ្សារប្រទេសចិន។
សម្រាប់ការរចនាផ្នែកខាងក្រៅរបស់ Denza N7 មានប្រវែង ៤ ៨៦០ ម.ម ទទឹង ១ ៩៣៥ ម.ម កម្ពស់ ១ ៦០២ ម.ម និងប្រវែងគម្លាតកង់ ២ ៩៤០ ម.ម រួមជាមួយប៉ាណាខាងមុខបិទជិត ចង្កៀងមុខ LED រាងស្លីម ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៊ីញ និងចង្កៀងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។
ចំពោះនៅខាងក្នុងរបស់ DENZA N7 ទទួលបានកុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៊ីញ និងអេក្រង់បញ្ឈរ touchscreen ទំហំ ១៧,៣ អ៊ីញ អេក្រង់កម្សាន្តទំហំ ១០,២៥ អ៊ីញ សម្រាប់អ្នកដំណើរផ្នែកខាងមុខ អេក្រង់ HUD ទំហំ ៥០អ៊ីញ អេក្រង់ខាងក្រោយទំហំ ៧ អ៊ីញ មុខងារ “5D cloud-sensing ergonomic seats” សម្រាប់គាំទ្រមុខងារកំដៅ ខ្យល់ចេញចូល និងម៉ាស្សា កន្លែងសាកថ្មឥតប្រើខ្សែ មុខងារផ្ទេរថាមពល មុខងារ AI ដំបូលកញ្ចក់ panoramic sunroof ឧបករណ៍បំពងសំឡេងម៉ាក Devialet ចំនួន ១៦ ចំនុច និងប្រព័ន្ធបើកបរឆ្លាតវៃ ” BYD God Eye” ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយ៖
- ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ៣០៨ សេះ និងកម្លាំងរមួល ៣៦០ ញ៉តុនម៉ែត្រ ផ្គួបជាមួយអាគុយ blade battery របស់ BYD ទំហំ ៩១,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០២ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង។
- ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៥២៣ សេះ និងកម្លាំងរមួល ៦៧០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ blade battery របស់ BYD ទំហំ ៩១,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៣០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង៕