រថយន្ត Dodge Durango SRT Hellcat នឹងមានលក់តែសម្រាប់ស៊េរីឆ្នាំ២០២១ នេះប៉ុណ្ណោះ ហើយវាមានន័យថា តម្រូវការនៃរថយន្តក៏ទំនងជាកើនឡើងខ្លាំងលើសការរំពឹងទុកផងដែរ។
ក្រុមហ៊ុន Dodge បានបើកឲ្យបញ្ជាទិញជាផ្លូវការ សម្រាប់ SUV កម្លាំងខ្លាំង បំពាក់កៅអី ៣ជួរនេះ ដោយម៉ូដែល Durango ប្រភេទកប់បំផុតនឹងមានតម្លស ៨០ ៩៩៥ដុល្លារ ហើយមានបំពាក់ម៉ាស៊ីន supercharged ចំណុះ ៦,២លីត្រ V8 ដែលបង្កើតកម្លាំងបានសរុប ៧១០សេះឯណោះ។ រថយន្តនេះដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ AWD មកស្តង់ដារតែម្តង។
ដោយសារតែម៉ាស៊ីន Hellcat V8 រថយន្ត Durango អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៥វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៩០គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចអូសសណ្តោងបានទម្ងន់ជិត ៤តោន។
លក្ខណៈពិសេសលើរថយន្តនេះមានដូចជា ប្រព័ន្ធជើងក្រោម sport-tuned suspension បូកផ្សំនឹង adaptive dampers ព្រមទាំងប្រព័ន្ធហ្វ្រាំង Brembo ជាមួយពីស្តុងចំនួន ៦ នៅខាងមុខ និង ពីស្តុង ៤ នៅខាងក្រោយ និង យ៉ាន់ទំហំ ២០អ៊ីញផងដែរ៕