យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Dodge កំពុងត្រៀមខ្លួនដើម្បីបញ្ចប់ផលិតកម្មនៃរថយន្ត SUV កម្លាំងខ្លាំងបំផុតរបស់ខ្លួន ម៉ូដែល Durango SRT Hellcat នៅខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្តអាមេរិកខាងលើរំពឹងថា នឹងអាចផលិត Durango SRT Hellcat បានសរុប ២ ០០០គ្រឿង មុលពេលបញ្ចប់ផលិតកម្មរបស់វា នៅឯរោងចក្រ Jefferson North Assembly Plant ក្នុងទីក្រុង Detroit សហរដ្ឋអាមេរិក។
គួរឲ្យដឹងថា រថយន្ត Dodge Durango SRT Hellcat មានបំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ supercharged V8 មានកម្លាំង ៧១០សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ AWD។ SUV នេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៥វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ២៩០គីឡូម៉ែត្រក្នុងមួយម៉ោង។ មិនតែប៉ុណ្ណោះ វាអាចអូសសណ្តោងបានទម្ងន់រហូតដល់ទៅជិត ៤តោនឯណោះ។
ដើម្បីធានាថាវាអាចទប់ទល់កម្លាំងដ៏ខ្លាំងក្លានេះបាន Durango SRT Hellcat ត្រូវបានបំពាក់ជាមួយនូវប្រព័ន្ធបូម sport-tuned suspension, adaptive dampers និងប្រព័ន្ធហ្វ្រាំង Brembo មានពីស្តុងចំនួន ៦ និងឌីសហ្វ្រាំងទំហំ ៤០១មីល្លីម៉ែត្រនៅខាងមុខ ជាមួយ ពីស្តុងចំនួន ៤ និងឌីសហ្វ្រាំងទំហំ ៣៥១មីល្លីម៉ែត្រ នៅខាងក្រោយ៕