Dongfeng បញ្ចេញឡាន PHEV ថ្មី អាចជិះបានជាង ២ពាន់គីឡូម៉ែត្រ ឯតម្លៃក្រោម ២មុឺនដុល្លារ

[ទីផ្សារបរទេស] បន្ទាប់ពីបានប្រកាសបង្ហាញចេញ ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការប្រកាសបើកទទួលកក់នូវរថយន្ត Dongfeng Aeolus L8 ប្រភេទ PHEV ថ្មីរបស់ខ្លួនហើយ ដោយមានតម្លៃលក់ចាប់ពី ១៨ ១០០ ដុល្លារ ដល់ ២០ ៩០០ដុល្លារ តែប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

សម្រាប់ការឌីស្សាញរបស់រថយន្ត Dongfeng Aeolus L8 នេះ គឺមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED អូសពីផ្នែកម្ខាងទៅផ្នែកម្ខាង ទ្វារដៃប្រភេទ semi-hidden door handles និងថាសកង់ស្ព័រជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តប្រភេទ Mid-size SUV នេះ មានប្រវែងតួខ្លួនសរុប ៤ ៧៦២ ម.ម ទទឹង ១ ៩១០ កម្ពស់ ១ ៦៧៧ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨២៥ ម.ម ដំណើរការដោយម៉ាសុីនចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣៥៥ សេះ ផ្គួបជាមួយអាគុយទំហំ ៣០,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១២៥ និង ១៨៥ គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ គាំទ្រសាកថ្មល្បឿនលឿន ដោយសាកឡើងពី ២០ ទៅ ៨០% ប្រើរយៈពេល ១៨នាទី ប៉ុណ្ណោះ និងអាចបើកបរបានចម្ងាយសរុបខ្ទង់ ២ពាន់គីឡូម៉ែត្រ ដោយសុីប្រេងត្រឹមតែ ២,៤លីត្រ ប៉ុណ្ណោះ នៅក្នុងរយៈចម្ងាយបើកបរ ១០០គីឡូម៉ែត្រ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ គាំទ្រដោយប្រព័ន្ធ AI របស់ DeepSeek និង ByteDance ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ កញ្ចក់មើលខាងក្រោយឌីជីថល ពោងសុវត្ថិភាពចំនួន ៦ចំនុច អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ នៅផ្នែកខាងក្រោយ ឧបករណ៍បំពងសំលេងចំនួន ១៩ចំនុច និងប្រព័ន្ធ ADAS កម្រិត ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម